ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៣ នេះ បានចេញរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពទស្សន វិស័យអភិវឌ្ឍន៍អាស៊ី ២០១៣ ដោយបានរក្សា ការព្យាករកំណើនសេដ្ឋកិច្ចរ បស់កម្ពុជាថា នៅឆ្នាំ២០១៣ កើនក្នុងអត្រា ៧,២% និង ២០១៤ កើន ៧,៥% ព្រោះតែកំណើននៃការនាំចេញ និងសន្ទុះដ៏រឹងមាំរបស់វិស័យសំណង់ និងសេវាកម្ម។

លើសពីនេះ នៅក្នុងឆ្នាំ ២០១៤ ADB រំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងដល់ ៧,៥% ដោយសារតែសេដ្ឋកិច្ចនៅអឺរ៉ុប និងសហរដ្ឋអាមេរិចបន្ដងើបឡើងវិញ។

នាយក ADB ប្រចាំប្រទេសកម្ពុជា លោក Eric Sidgwick មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានថា «គេរំពឹងថាសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា នៅតែមានសន្ទុះរឹងមាំ នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខនេះ ដែលនេះជាការឆ្លុះបញ្ចាំងពី កំណែទម្រង់ស្ថិតស្ថេរ និងការងើបឡើងវិញនៃទីផ្សារសកលកន្លងមក»។

របាយការណ៏ស្តីពីបច្ចុប្បន្នភាពទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០១៣ (ADOU ២០១៣) បង្ហាញថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ទៅកាន់សហរដ្ឋអាមេរិច និងសហភាពអឺរ៉ុប មានការកើនឡើង ១១,៣% បើធៀបនឹងឆ្នាំ មុន រហូតដល់ ២,៣ ពាន់លានដុល្លារ ខណៈពេលដែលការនាំចេញអង្ករបានកើនឡើងទ្វេដងដល់ ១២២ លាន ដុល្លារ នៅក្នុងឆមាសទី ១ ឆ្នាំ ២០១៣។

ការអនុម័តលើគម្រោងសាងសង់មានការកើនឡើងយ៉ាងគំហុក រហូតដល់ ១,៩ ពាន់លានដុល្លារ នៅក្នុង រយៈពេលដូចគ្នានេះ។ ដោយឡែក ឥណទានសម្រាប់វិស័យសំណង់មានការកើនឡើង ៤៦% នៅក្នុងខែ មិថុនា បើធៀបនឹងឆ្នាំមុន។ ចំនួនអ្នកទេសចរកើនឡើងដល់ ២,១ លាននាក់ នៅក្នុងរយៈពេល ៦ ខែដំបូង ពោលគឺកើនឡើង ១៩,១% បើធៀបជាមួយនឹងឆ្នាំមុន។ នៅក្នុងឆ្នាំ ២០១៣ វិស័យសេវាកម្មជារួម ត្រូវបានគេព្យាករថា នឹងកើនឡើង ៧% ហើយវិស័យកសិកម្មមានការកើនឡើងប្រមាណជា ៤%។

របាយការណ៍នេះកត់សម្គាល់ថា កំណើនឥណទាន ដែលផ្ដល់វិស័យឯកជន មានការថមថយមកនៅ ២៩% នៅក្នុងខែ មិថុនា ពី ៣៤,១% នៅក្នុងឆ្នាំ ២០១២។ របាយការណ៍បច្ចុប្បន្នភាពនេះ នៅរក្សាកម្រិតព្យាករណ៍កាលពីខែ មេសា ដែលព្យាករថា ឱនភាពគណនី ចរន្ដមានកម្រិត ១១,១% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ការព្យាករអតិផរណាមធ្យមប្រចាំឆ្នាំ សម្រាប់ ឆ្នាំ ២០១៣ ត្រូវបានកាត់បន្ថយពី ៣% ដែលព្យាករក្នុងខែ មេសា មកនៅត្រឹម ២,៥% ដែលឆ្លុះបញ្ចាំងពីអត្រា អតិផរណាក្នុងកម្រិតមួយទាប ដែលមិនបានរំពឹងទុកជាមុនត្រឹម ១,៨% ចន្លោះពីខែ មករា ដល់ខែ មិថុនា។ ទុនបម្រុងផ្លូវការសរុបមានការកើនឡើង ៩,៩% ដល់ ៣,៦ ពាន់លានដុល្លារ នៅក្នុងឆមាសទី ១ ដែល អាចរ៉ាប់រងលើការនាំចូលទំនិញ និងសេវាកម្មបាន ៤,១ ខែ។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៣ នេះរាជរដ្ឋាភិបាលកម្ពុជា រំពឹងថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងកើនឡើងដល់ ៧,៦ភាគរយ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]