សៀមរាប: ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅនេះ ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ នឹងធ្វើ ការហោះហើរ ជាប្រក្រតីរបស់ខ្លួន ពីទីក្រុងទេសចរណ៍អង្គរ ខេត្តសៀមរាប ទៅកាន់ទីក្រុងពាណិជ្ជកម្ម-ក្វាងចូវ នៃ សាធារណរដ្ឋប្រជាមានិតចិន ។ ការបើកឲ្យមានការហោះហើរនេះ គឺដើម្បីទទួលបានសារ:ប្រយោជន៍ នៃសន្ទុះដ៏ សម្បើមនៃភ្ញៀវទេសចរជនជាតិចិន ដែលនឹងមកទស្សនាអង្គរវត្ត នៅប៉ុន្មានឆ្នាំខាងមុខនេះ ។ ដែលក្នុង រយៈពេល ៧ខែ ដើមឆ្នាំ២០១៣នេះ ភ្ញៀវទេសចរជនជាតិចិន បានមកកម្ពុជាមានរហូតដល់ ២៦៧.៥០៦នាក់ ហើយជាប់ចំណាត់ថ្នាក់ទី៣ បន្ទាប់ពីវៀតណាម និងកូរ៉េ ។

ការហោះហើរជាប្រក្រតី របស់ក្រុមហ៊ុនអាកាសចរជាតិ អង្គរអ៊ែរ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប ឆ្ពោះទៅ កាន់ អាកាសយានដ្ឋានអន្តរជាតិ ក្វាងចូវ នឹងប្រើប្រាស់យន្តហោះប្រភេទ Airbus A321 ដែលមានចំណុះ ១៧៦ កៅអី ហើយមានថេរៈវេលាហោះហើរចំនួន ២ ម៉ោង និង៣៥នាទី ដោយចេញដំណើរពីសៀមរាប ម៉ោង ៨ និង ៤០នាទី ព្រឹកទៅដល់ក្វាងចូវ ម៉ោង ១២ និង១៥នាទី ថ្ងៃត្រង់ ហើយត្រឡប់ពី ក្វាងចូវ ម៉ោង ០១ និង២៥នាទី រសៀល ដល់សៀមរាបវិញនៅម៉ោង ០៣ និង០០នាទី រសៀល ។

ការបើកផ្លូវហោះហើរថ្មីនេះ ធ្វើឲ្យក្រុមហ៊ុនអាកាសចរជាតិ អង្គរ អ៊ែរ មានផ្លូវហោះហើរ អន្តរជាតិរបស់ខ្លួន សរុប ទាំងអស់ ៧ ដែលភ្ជាប់ពី ភ្នំពេញ និងសៀមរាប ទៅកាន់បាងកក,ហាណូយ, ហូជីមិញ និងក្វាងចូវ ។

លោក តឹករ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាកាសចរជាតិ អង្គរ អ៊ែរ និង ជារដ្ឋលេខាធិការ នៃទីស្តី ការគណ:រដ្ឋមន្រ្តី មានប្រសាសន៍ថា យើងកំពុងសម្លឹងមើលផងដែរ នូវតំបន់ដែលមានភ្ញៀវទេសចរច្រើនផ្សេង ទៀត នៅក្នុងប្រទេសចិន ដូចជា ទីក្រុងសៀងហៃ ដែលក្រុមហ៊ុន គ្រោងនឹងធ្វើការហោះហើរនៅនៅខែវិច្ឆិកា ឆ្នាំ នេះ ដែរ ។

លោកបន្ដឲ្យដឹងថា ឆ្នាំនេះក្រុមហ៊ុនអាការចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានពង្រីកកិច្ចប្រតិបត្តិការរបស់ខ្លួន គួរឲ្យ កត់សម្គាល់ក្នុងប្រវត្តិ ៤ឆ្នាំ នៃដំណើរការរបស់ខ្លួន គឺកំពុងដំណើរការនូវផ្លូវហោះហើរអន្តរជាតិ ២កាលពី ៦ខែមុន គឺទៅហាណូយ និងបាងកក ហើយបន្ចុប្បន្ននេះ ក្វាងចូវ និងសៀងហៃ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ការបង្កើនជើងហោះហើរថ្មីៗ របស់ក្រុមហ៊ុនអាកាសចរជាតិ អង្គរ អ៊ែរ នេះ បាននាំមកនូវការរីកចម្រើន យ៉ាងឆាប់ រហ័ស នូវទីផ្សារទេសចរណ៍នៅកម្ពុជា ។ យោងតាមស្ថិតិបានឲ្យដឹងថា អ្នកដំណើរបានមកកម្ពុជា បានកើន ១៨% ក្នុងឆ្នាំ២០១២ ហើយកើនដល់ ២១% នៅត្រីមាសទី ១ ឆ្នាំ ២០១៣ ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាការចរជាតិ អង្គរអ៊ែរ មានយន្តហោះប្រភេទ Airbus A321 ចំនួន ៣ គ្រឿង និងប្រភេទ ATR 72 ចំនួន៣គ្រឿងដែរ ហើយក្រុមហ៊ុនមានផែនការបន្ថែមយន្តហោះប្រភេទ Airbus A321 របស់ខ្លួនរហូត ដល់ ៨ គ្រឿង និងប្រភេទ ATR-72 ដល់ ៥ គ្រឿង នៅឆ្នាំ២០១៥ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]