បន្ទាយមានជ័យ៖ កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ជាង៤០០នាក់ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៣ នេះ បានបញ្ចេញ ប្រតិបត្តិការ របស់ខ្លួន ចុះទៅជួយជួសជុល អាងទឹកត្រពាំងថ្ម ស្ថិតនៅ ស្រុកភ្នំស្រុក ដែលរងការខូចខាត ដោយសារតែ គ្រោះទឹកជំនន់នាពេលនេះ។

សកម្មភាព ជួសជុលអាងទឹកត្រពាំងថ្ម របស់កម្លាំង នគរបាល ខេត្តបន្ទាយមានជ័យ ខាងលើនេះ បានធ្វើឡើងក្រោមវត្តមាន លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងមានការចូលរួមពី សំណាក់អភិបាលខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន និង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុំ ។

មន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ ដែលចូលរួម ក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា ដោយសារ តែ ឥទ្ធពល និងផលប៉ះពាល់ នៃគ្រោះទឹកជំនន់បាន និងកំពុងវាយលុកខេត្ត បន្ទាយមានជ័យ ក្រៅពីធ្វើ ឲ្យ ប៉ះពាល់ផ្ទះសម្បែង និងដីស្រែរបស់ប្រជាពលរដ្ឋនោះ អាងទឹកត្រពាំថ្ម ដែលជាទីកំសាន្ត និង កន្លែងប្រមូលផ្តុំ ដោយពពួកសត្វស្លាបនោះ បានរងការខូចខាត ទើបកម្លាំង នគរបាលរបស់ខេត្ត ក្រោមការបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ ខេង ស៊ុំ បានចុះទៅជួយជួសជុល ជាបន្ទាន់ ដោយ នាំគ្នាជីកដីដាក់បាវ ហើយយកទៅដាក់ពាំងទឹកជំនន់ ជៀសវាងការខូចខាត កាន់តែធ្ងន់ធ្ងរថែម ទៀត។

សូមបញ្ជាក់ថា កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ បានចូលរួម ការងារបម្រើជាតិ និងការងារ សង្គម ជាច្រើនក្នុងនោះ ក្រៅពីបើកវេទិកា ភូមិឃុំមានសុវត្ថិភាព នៅតាមស្រុក កម្លាំងនគរបាល បានចូលរួម ជួយសង្គ្រោះ ប្រជាពលរដ្ឋ ដោយសារតែទឹកជំនន់ នៅពេលនេះទៀតផង។ នៅចំពោះ មុខ មន្រ្តីនគរបាលទាំងអស់ ដែលចូលរួម ជួយជួសជុល អាងទឹកត្រពាំងថ្ម លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានជំរុញឲ្យមន្រ្តីនគរបាលទាំងអស់ ចូលរួម ការងារ ប្រឈមនៅពេលនេះ គឺជួយសង្គ្រោះ ប្រជាពលរដ្ឋ ដោយសារ គ្រោះទឹកជំនន់ តបតាម បទបញ្ជា និងសារាចរណែនាំ របស់ប្រមុខ រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ។

ជាមួយគ្នានេះ អាជ្ញាធរខេត្ត ដែលទទួលរងគ្រោះ ដោយសារតែទឹកជំនន់ បានចេញប្រតិបត្តិការ ចុះ ជួយជាបន្ទាន់ ទាំងការជម្លៀស និងការនាំយកជំនួយ សង្គ្រោះបន្ទាន់ ចែកជូនដល់ប្រជាពលរដ្ឋ ទាំងនោះ៕

























បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]