ភ្នំពេញៈ  ព័ត៌មានកន្លងមក ធ្លាប់ចុះផ្សាយជាថា តារាចម្រៀង ប្រុសស្រីល្បីឈ្មោះមួយគូ ប្រចាំនៅផលិតកម្ម សាន់ដេ លោក អាន គុណកូឡា និង កញ្ញា យូរី មានទំនាក់ទំនង ស្នេហាជាមួយគ្នា លួចលាក់ ក្រៅរង្វង់សិល្បៈ ជានិច្ចកាលពួកគេ ទាំងពីរនាក់តែងតែ ចេញមុខបដិសេធ ពីទំនាក់ទំនង ស្នេហាថា ត្រឹមតែជាមិត្តជិតស្និទ្ធ រួមទ្រនំប៉ុណ្ណោះ។ តែមួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញ ពួកគេទាំងពីរ ឧស្សាហ៍បង្ហោះរូប បែបសិ្នទ្ធស្នាល ជាមួយគ្នា សម្ញែងពីភាពផ្អែមល្ហែម ប្រៀបដូចជាគូស្នេហ៍ ។

នៅលើ Account Facebook របស់ លោក អាន គុណកូឡា ជាតារាចម្រៀងល្បីឈ្មោះគួរសមមួយរូប ប្រចាំផលិតកម្ម សាន់ដេ បានបង្ហោះរូបជាច្រើនសន្លឹក ស្តែងឲ្យឃើញពីភាពកៀកកើយឱបរឹត ជាមួយស្រីស្អាតមុខស្រស់ កញ្ញា យូរី មើលទៅប្រៀបបី ដូចជាគូស្នេហ៍ថ្មោងថ្មី ទាំងដែលកន្លងមកពួកគេទាំងពីរ ធ្លាប់តែចេញមុខប្រកាសក្តែងឲ្យថា ពួកគេមិនមានទំនាក់ទំនង ស្នេហាជាមួយគ្នានោះទេ។

បើទោះបីជា មានការចេញមុខច្រានចោល ព័ត៌មានរឿងស្នេហារបស់ពួក គេទាំងពីរ ម្តងជាពីរដងក៏ដោយ តែព័ត៌មាននេះនៅមិនស្ងប់ស្ងាត់ទេ ព្រោះគេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ តែងតែបង្ហោះរូបថតឱបរឹត ដូចជាគូស្នេហ៍នៅលើ Facebook ធ្វើឲ្យទស្សនិកជន នៅតែគិតថា ពួកគេមានស្នេហាលួចលាក់ ក្រៅឆាកជាមួយគ្នា។

តាមប្រភពមួយផ្សេងទៀត បានបង្ហើបឲ្យដឹងថា ការបង្ហោះរូបថតជាច្រើនសន្លឹក នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook នេះ ដោយសារតែ តារាចម្រៀងទាំងពីរដួង មានចេតនាចង់ផ្គើន និងពាក្យចចាមអារ៉ាម ដែលកន្លងមកពួកគេខំប្រឹងបកស្រាយថា មិនមាន ទំនាក់ទំនងស្នេហា។

ទស្សនិកជន និងសារព័ត៌មាននៅតែ ចុះផ្សាយមិនឈប់ ទើបពួកគេទាំងពីរ សម្រេចចិត្តបង្ហោះរូបថត ជាមួយគ្នាកាន់តែច្រើន ដើម្បីបញ្ចប់ព័ត៌មាន កុំឲ្យចុះផ្សាយ ពីពួកគេបន្តទៀត ។ ប៉ុន្តែទង្វើបែបនេះ គេមិនទាន់សន្និដ្ឋានបានទេថា រវាង អាន គុណកូឡា និង យូរី ពុំមានជាប់ពាក់ព័ន្ធក្នុងចំណងស្នេហា ជាមួយគ្នានោះ ខណៈអ្នកទាំងពីរ មិនទាន់អាចទាក់ទង បកស្រាយបានទេ នៅព្រឹក ថ្ងៃទី២ ខែតុលា នេះ ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អាន គុណកូឡា