រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៤ទៀបភ្លឺ ប្រជាពលរដ្ឋតែងតែ នាំគ្នាទៅវត្តអារាម ដើម្បីបោះបាយបិណ្ឌ ។ ជាទូទៅខ្មែរយើងមានជំនឿថា ការបោះបាយបិណ្ឌគឺដើម្បីបញ្ជូន ឬឧទ្ទិសកុសលឱ្យទៅញាតិសន្តាន សាច់សាលោហិត ដែលចែកឋានទៅកើតជាប្រេត អសុរកាយ ។ ដើម្បីឱ្យសាច់ញាតិ ដែលជាពួកប្រេតបានទទួលទានអាហារប្រចាំឆ្នាំ គឺទាល់តែក្រុមគ្រួសារដែលកំពុងរស់នៅសព្វថ្ងៃនេះ នាំគ្នាទៅបោះបាយបិណ្ឌ នៅជុំវិញព្រះវិហារក្នុងវត្ត នារដូវកាន់បិណ្ឌ។

ការបោះបាយបិណ្ឌ គេនិយមទៅបោះនៅឯវត្តវេលាទៀបភ្លឺ ដោយគេជឿថា ធ្វើបែបនេះពួកប្រេតទទួលបានដោយផ្ទាល់ ។ ព្រមគ្នាជាមួយនឹងព្រះសង្ឃសូត្រធម៌ ពុទ្ធបរិស័ទទាំងអស់កាន់ចានបាយបិណ្ឌ រៀងៗខ្លួនដើរតម្រង់ទៅព្រះវិហារ ដើម្បីធ្វើពិធីបោះបាយបិណ្ឌ ។ ពេលដើរជុំវិញព្រះវិហារនោះ គេត្រូវដុតធូបប្រាំសរសៃ ដាក់នៅលើចានបាយបិណ្ឌ ហើយនៅពេលដែលអាចារ្យស្រែកថា «អនុមោទនា» អ្នកដែលដើរជុំវិញព្រះវិហារក៏នាំគ្នាស្រែកថា «សាធុ» រួចគេចាប់យកបាយ១ដុំដាក់ទៅលើដី ឬបោះទៅទីឆ្ងាយ ហើយដោតធូបមួយសរសៃ ឬផ្កា ផ្សេងៗ១ទងនៅលើដីដែរ ។ គេធ្វើបែបនេះគម្រប់៣ជុំ ។

រីឯបាយបិណ្ឌ និងធូបនៅសល់ គេនាំយកតាមអាចារ្យ ដែលអញ្ជើញចេញទៅក្រៅវត្ត ទៅកាន់ទីដែលនៅជិតខ្ទមអ្នកតា ឬក្រោមដើមឈើ ធំៗហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះទៅលើដី ដើម្បីឱ្យខ្មោចដែលគ្មានបងប្អូនធ្វើបុណ្យបញ្ជូនឱ្យ ។ បន្ទាប់មក អាចារ្យធ្វើពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឱ្យប្រេតទាំងនោះ ដែលមកចាំទទួលដែរ តែគ្មានញាតិសន្តានឧទ្ទិសឱ្យ បន្ទាប់មកពុទ្ធបរិស័ទក៏នាំគ្នាស្តាប់ព្រះសង្ឃសូត្របទបរាភវសូត្រ ។ ការបោះបាយបិណ្ឌជាប្រពៃណីដែលខ្មែរយើងតែងតែធ្វើជារៀងរាល់ឆ្នាំ ។

ជួបជាមួយព្រះតេជគុណព្រះនាម ប្រាក់ ទូច គង់នៅវត្តថាន់ នៃរាជធានីភ្នំពេញ មានថិរដីកាប្រាប់កោះសន្តិភាពកាលពីថ្ងៃទី៣០ កញ្ញា ឆ្នាំ ២០១៣ថា តាមពិតទៅការបោះបាយបិណ្ឌ បានជាប្រយោជន៍ដល់ពួកសត្វតិរច្ឆាន ។ យើងអាចសន្មតបានថា ប្រសិនបើបុគ្គលណាទៅកើតជាសត្វតិរច្ឆានដូចជា សត្វស្រមោច ចង្រិត កណ្តូប កណ្តុរ និងចាបជាដើមនោះ ពិតជាអាចបរិភោគបាយដែលគេបោះនោះបានដោយផ្ទាល់ ហើយពួកសត្វខ្លះទោះជាបាយដែលមិនមែនជាបាយគេបោះឱ្យក្តី ក៏អាចបរិភោគបានដែរ ។

នៅក្នុងព្រះពុទ្ធសាសនា បានតំណាលរឿងប្រេតពួកខ្លះដែលមិនអាចទទួលបរិភោគរបស់ល្អបានឡើយ គឺថាឃើញរបស់ល្អដូចជាអាហារដែលគេរៀបចំស្អាតបាតនោះ ពេលទៅចាប់យកដោយសេចក្តីស្រេកឃ្លានជាពន្លឹក ដុំបាយនោះក៏រលាយបាត់ទៅ ។ ពួកប្រេតទាំងនោះអាចទទួលបានតែរបស់ណាដែលគួរខ្ពើមរអើមដូចជាលាមក ខ្ទុះ ឈាម ភក់ ជ្រាំជាដើម ។ បែបនេះមកពីបាបកម្មរបស់ពួកប្រេតជំពូកនេះ កាលនៅរស់ជាមនុស្សដែលចូលចិត្តរស់នៅប្រព្រឹត្តតែអំពើអាក្រក់ កាប់សម្លាប់ បង្ហូរឈាម រស់នៅដោយការជិះជាន់ កេងប្រវ័ញ្ច បឺតជញ្ជក់ផលប្រយោជន៍អ្នកដទៃ ដែលជនទូទៅយល់ថា ជាអំពើលាមក គួរឱ្យស្អប់ខ្ពើម ។ ដោយសារអំពើបាបទាំងនោះ ទើបបុគ្គលទាំងនោះពេលទៅកើតទៅជាប្រេត ក្រៅពីរងទុក្ខជាអនេក និងរងក្តីស្រេកឃ្លានរាប់ម៉ឺនឆ្នាំទៅ ក៏នៅមិនអាចចាប់កាន់យករបស់ ឬអាហារល្អបានឡើយ គឺអាចបរិភោគតែរបស់ដែលជាទីខ្ពើមរអើមប៉ុណ្ណោះ ។

ព្រះតេជគុណព្រះនាម ប្រាក់ ទូច មានថិរដីកាបន្តទៀតថា ដើម្បីឧទ្ទិសកុសលដល់អ្នកដែលបានស្លាប់ទៅហើយនោះ ត្រូវយកទេយ្យទានទៅឱ្យអ្នកមានសីល អាចជាអ្នកបួស ឬជាគ្រហស្តដែលរក្សាសីលក៏បាន ។ ចំណែកការបោះបាយបិណ្ឌនេះជាប្រពៃណីសុទ្ធសាធ ។ ដូច្នេះការបោះបាយបិណ្ឌ គ្រាន់តែជាការបោះបាយបិណ្ឌដើម្បីអនុគ្រោះដល់ពួកសត្វតិរច្ឆាននានា ។

កាលពីជំនាន់បុរាណក្នុងរយៈពេលនេះ គេបានអនុគ្រោះដល់សត្វទាំងឡាយ ដូចជាយកបាយម្ហូបទៅដាក់កណ្តាលព្រៃ ឬក៏យកបាយបិណ្ឌទៅដាក់ឱ្យសត្វ ផ្សេងៗស៊ីជាអាហារ ហើយក្នុងរយៈពេលនេះ រាល់សត្វពាហនៈដែលតែងតែបម្រើប្រយោជន៍ដល់មនុស្ស គេបានថែរក្សាយ៉ាងល្អ មិនឱ្យបម្រើតទៅទៀតទេ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]