ខេត្តកំពង់ឆ្នាំង ៖ នារីបម្រើខារ៉ាអូខេយីហោ ហេង ហេង ដែលមានទីតាំងស្ថិតនៅក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ចំនួន៦នាក់ កាលពីព្រឹកថ្ងៃទី៣០ កញ្ញា បានមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីប្តឹងពីថៅកែស្រីរបស់ខ្លួនថាបានកាត់ប្រាក់ខែ និងប្រាក់ពីពួកនាងដែលចេញក្រៅជាមួយភ្ញៀវ ក្នុងរយៈពេលជាង៣ខែកន្លងទៅក្នុងម្នាក់ៗ ពី១លានទៅ២លានរៀល ។

ការមកដាក់ពាក្យប្តឹងនេះ គឺបន្ទាប់ពីមានការចុះអប់រំណែនាំដល់ ក្រុមនារីបម្រើសេវាខារ៉ាអូខេស្តីអំពី ការជួញដូរផ្លូវភេទដោយខុស ច្បាប់ក្នុងអំឡុងខែកញ្ញា របស់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការ ដ្ឋាននគរបាលខេត្តកន្លងមក ។ លោកស្រីវរសេនីយ៍ឯក ប្រាក់ សៅនី ស្នងការរងនគរបាលខេត្តទទួលបន្ទុក ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឱ្យដឹងថា កន្លងមកក្នុងអំឡុងខែកញ្ញា ខណៈដែលលោកស្រីដឹកនាំមន្ត្រីនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរបស់ស្នងការដ្ឋាននគរបាល ខេត្តចុះអប់រំណែនាំដល់នារីបម្រើគ្រប់ភោជនីយដ្ឋាន និងពិសេសនារីបម្រើការងារតាម ហាងខារ៉ាអូខេក្នុងក្រុងកំពង់ឆ្នាំង ដើម្បីអប់រំណែនាំទប់ស្កាត់ ការជួញដូរផ្លូវភេទ ក៏មាននារីនៅហាងខារ៉ាអូខេយីហោ ហេងហេងចំនួន២នាក់បានប្តឹងផ្ទាល់មាត់ថា ថៅកែស្រីឈ្មោះហ៊ីម ចន្ថា បានកាត់ប្រាក់ខែពួកនាងនិងប្រាក់បម្រើសេវា ផ្លូវភេទឯកជនរបស់ពួកនាងជារៀងរាល់ថ្ងៃ ។

ប្រាក់ខែរបស់ពួកនាងម្នាក់ៗដែលទទួលបាន ៥០ដុល្លារក្នុង១ខែនោះមិនដែលនៅសល់ឡើយ ។ មិនតែប៉ុណ្ណោះ ថៅកែនោះបានកាត់យកថ្លៃសេវា បម្រើផ្លូវភេទផ្ទាល់ខ្លួនក្នុងម៉ោងធ្វើការក្នុង ១លើកៗគេកាត់យក២ម៉ឺនរៀល ដោយឡែកក្រៅម៉ោងធ្វើការ គេកាត់យក១ម៉ឺនរៀលគិតទៅក្នុង៣ខែ កន្លងមកនេះថៅកែរូបនោះបានកាត់យកប្រាក់ពី ពួកនាងពីជាង១លានទៅជាង ២លានរៀលក្នុងម្នាក់ៗ ។ លោកស្រីបានបន្តថា នៅព្រឹកនោះពួកនាងមានគ្នា៦នាក់បានមក ដាក់ពាក្យប្តឹងដល់ស្នងការដ្ឋានតែម្តងគឺប្តឹងដូច កាលពីថ្ងៃមុនដែរដោយសុំឱ្យថៅកែស្រី សងប្រាក់មកពួកនាងក្នុងរយៈកាល ៣ខែកន្លងមកដែលថៅកែស្រីបានកាត់ពីពួកនាង ។ ចំណែកស្ត្រីឈ្មោះហ៊ីម ចន្ថា ជាថៅកែខារ៉ាអូខេយីហោហេងហេង បានឆ្លើយបំភ្លឺថា បានគាត់កាត់យកប្រាក់ពួកនាងមែន ព្រោះមិននៅបម្រើភ្ញៀវក្នុងម៉ោងធ្វើការពីម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង១២យប់ ។ ប៉ុន្តែនារីៗទាំងនោះ ខ្លះពួកនាងដើរស៊ីផឹកបាត់ខ្លួន២ទៅ៣ថ្ងៃ ទើបមកធ្វើការវិញ បើមិនឱ្យគាត់កាត់យកតើគាត់មានប្រាក់ឯណា សម្រាប់ទិញម្ហូបអារហារឱ្យពួកនាង ហូបចុកនិងស្នាក់នៅរាល់ថ្ងៃ ។ យ៉ាងណាក៏ដោយ ការកាត់នោះគឺកាត់តែលើក្រដាសប៉ុណ្ណោះ ឯការពិតជាក់ស្ដែង មិនដែលទទួលបានលុយពីពួកនាងៗទេ ។ ដោយឡែករឿងកាត់ប្រាក់សេវាដែលពួកនាង បម្រើភ្ញៀវក្រៅម៉ោងធ្វើការ គាត់មិនបានកាត់ពីពួកគេដូច ការចោទប្រកាន់នោះឡើយ ។

ទោះជាយ៉ាងណា លោកស្រីស្នងការរងបានបញ្ជាក់ទៀតថា ក្នុងករណីខាងលើនេះសមត្ថកិច្ចរបស់ លោកស្រីបានកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីរួចហើយ រង់ចាំតែលោកព្រះរាជអាជ្ញា សម្រេចយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ ។  គួររំឭកថា កាលពីព្រឹកថ្ងៃទី២១ ខែសីហា កន្លងទៅ មន្ត្រីនគរបាលខេត្តដឹកនាំដោយលោកព្រះរាជអាជ្ញា បានឆ្មក់ចូលឆែកឆេរនិងបង្ក្រាបទីតាំង បម្រើផ្លូវភេទមួយកន្លែងយីហោ«ទួលចន្ទ័ជាប់ចិត្ត»ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច និងបានចាប់ខ្លួនថៅកែស្រីម្នាក់ ដែលពេលនេះកំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ ។ ចំណែកករណីខាងលើវិញជាថៅកែខាអូខេ តើមានវាសនាដូចថៅកែមុនដែរឬអត់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]