ភ្នំពេញ៖ មេខ្លោងជួញដូរ និងចែកចាយថ្នាំញៀន តែងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ឥឡូវនេះត្រូវបានកម្លាំងនគរបាល ខណ្ឌ ពោធិ៍សែនជ័យ បង្ក្រាបបានទាំងពីរនាក់សង្សារ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ដោយរឹបអូសថ្នាំញៀនមួយចំនួន កាំភ្លើងខ្លី កា៥៤ មួយដើម និងម៉ូតូអេសអិលមួយគ្រឿងផងដែរ ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ទោ ប៊ន សំអាត ដែលដឹកនាំកម្លាំងសមត្ថកិច្ច ចុះទៅបង្ក្រាបមុខសញ្ញាជួញដូរ និងចែកចាយ គ្រឿងញៀនខាងលើនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា ក្រោយពីមានការណែនាំ ពីសំណាក់ស្នងការ នគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ រួចមក កម្លាំងនគរបាលរបស់លោក បានធ្វើការរិតបន្ដឹង និងស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ តាមជំនាញរបស់ខ្លួន រហូតទៅដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ ជាគូសង្សារ គឺជាមេខ្លោងចែកចាយ និងជួញដូរថ្នាំញៀនដ៏សកម្ម ក្នុងរាជធានីភ្នំពេញ នាពេលកន្លងទៅ។

លោកប៊ន សំអាត បានបន្ដទៀតថា ក្រោយពីក្ដាប់បានមុខសញ្ញា នៃសកម្មភាពជួញដូរ និងចែកចាយរួចមក លោកបានដឹកនាំកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ រហូតដល់ឃើញមុខសញ្ញាទាំងនេះ ហើយឈានទៅដល់ការឡោមព័ទ្ធ និងចាប់ខ្លួនពួកគេទាំងពីរនាក់ នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ តែម្ដង នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣នេះ ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបន្ដទៀតថា ក្រោយពីការចាប់ខ្លួនកម្លាំងសមត្ថកិច្ចរបស់លោក បានរឹបអូសកាំភ្លើងមួយដើម ម៉ាកកា៥៤ មានគ្រាប់ ៨គ្រាប់ ថ្នាំញៀនមួយចំនួន និងម៉ូតូជិះធ្វើសកម្មភាព ម៉ាកអេសអិលមួយគ្រឿងផងដែរ ។

រហូតដល់ម៉ោង៣រសៀលថ្ងៃទី០១ ខែកញ្ញានេះ សមត្ថកិច្ចឃាត់បក្ខពួក ២នាក់បន្លែមទៀត រួមជាមួយម៉ូតូមួយគ្រឿង ផងដែរ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ មិនទាន់បានបញ្ជាក់ពីអត្ដសញ្ញាណ ជនសង្ស័យទាំង៤នាក់ ខាងលើនេះនៅឡើយទេ ដោយបច្ចុប្បន្នពួកគេទាំង៤នាក់ ស្ថិតក្រោមការសាកសួរនៅឡើយ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីមានវិធានការតាមផ្លូវច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]