រដូវភ្ជុំបិណ្ឌបានចូលមកដល់ ប្រជាពលរដ្ឋខ្មែរខ្លះបានខ្នះខ្នែងនាំគ្នាធ្វើដំណើរទៅវត្ត ដើម្បីធ្វើបុណ្យតាមប្រពៃណី ខណៈប្រជាពលរដ្ឋខ្លះទៀត កំពុងតែពិបាកសម្រេចថា តើគួរធ្វើដំណើរកំសាន្តទៅកាន់តំបន់ណា ក្នុងកំឡុងពេលឈប់សម្រាក ដ៏យូរនេះ?

អស់ក្តីកង្វល់ ដោយថ្ងៃនេះខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនាតំបន់ទេសចរណ៍ទាំង ៥ របស់ប្រទេសចិន ដែលស័ក្តសមបំផុតសម្រាប់ការធ្វើដំណើរកំសាន្ត ក្នុងកំឡុងរដូវស្លឹកឈើជ្រុះ នាខែតុលានេះ។

លេខ ៥ ៖ Dongzhaigang Nature Reserve, Hainan

Dongzhaigang Nature Reserve គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ដែលស្ថិតនៅភាគឥសាន្ត ខេត្តហៃណាន របស់ប្រទេសចិន។ តំបន់ទេសចរណ៍មួយនេះ ក្របដណ្តប់ទៅដោយផ្ទៃដីប្រមាណជា ៤០០០ ហិចតា ដោយមានដើមឈើកោងកាងប្រមាណជាង ៨១ប្រភេទ ដុះនៅតាមបណ្តោយច្រាំងទន្លេទាំងសងខាង។ លើសពីនេះទៅទៀត លោកអ្នកអាចទស្សនាសត្វបក្សីជាង ៣២ប្រភេទ ដែលសព្វថ្ងៃនេះ មានអ្នកជីវវិទូជាច្រើនកំពុងតែធ្វើការស្រាវជ្រាវទៅលើពួកវា។


លេខ ៤ ៖ Nanjing Qixia Mountain, Jiangsu

ភ្នំ Qixia ស្ថិតនៅប្រមាណជា ២២គីឡូម៉ែត្រ នាទិសឥសាន្តទីក្រុង ណានជីង ខេត្តជាំងស៊ូ ប្រទេសចិន ដោយមានផ្ទៃដីលើសពី ៨៦០ ហិចតា។ តំបន់ភ្នំ Qixia នេះមានចំណុចកំពូលចំនួន ៣ ធំ ដោយកំពូលដែលខ្ពស់ជាងគេ គឺមានកម្ពស់ដល់ទៅ ២៨៦ម៉ែត្រឯណោះ។ ប្រសិនបើលោកអ្នកធ្វើដំណើរទៅកាន់តំបន់នេះ នៅកំឡុងខែតុលានេះ លោកអ្នកនឹងឃើញដើមឈើ maple ជាច្រើនរីកស្គុះស្គាយ បញ្ចេញពណ៌ចម្រុះពណ៌ប្លែកៗគ្នា គួរឲ្យទាក់ទាញបំផុត។


លេខ ៣ ៖ Daocheng, Sichuan

វាលស្រែដ៏ធំល្វឹងល្វើយ ជួរភ្នំតគ្នាដាច់កន្ទុយភ្នែក និងបឹងបួរតូចៗ អាចទស្សនា និងសម្រាកលំហែកាយបាននៅតំបន់ Daocheng ដែលស្ថិតនៅទិសនិរតី នៃខេត្តស៊ីឈាន់ ប្រទេសចិន។ ស្ថិតក្នុងវាលល្វឹងល្វើយ ប្រមាណជា ៣ ៨០០ម៉ែត្រការ៉េ លោកអ្នកអាចកំសាន្តជាមួយនឹងបរិយាកាសត្រជាក់ស្រួល ខ្យល់បរិសុទ្ធ និងទិដ្ឋភាពពីធម្មជាតិ យ៉ាងទាក់ទាញ ក្នុងកំឡុងពេលរដូវស្លឹកឈើជ្រុះនេះ ដែលតំបន់នេះពិតជាស្ងប់ស្ងាត់ និងបរិសុទ្ធបំផុត នៅលើពិភពលោក។


លេខ ២ ៖ Xi'an, Shaanxi

តំបន់ទេសចរណ៍ Xi’an នេះស្ថិតនៅភាគខាងពាយព្យ របស់ប្រទេសចិន ដែលវាស្ថិតក្នុងចំណោមរាជធានីដែលមានអាយុកាលចំណាស់បំផុត បន្ទាប់ពីរាជធានីអាតែន របស់ក្រិច រាជធានី Cairo របស់អេស៊ីប និងរាជធានី Rome របស់អ៊ីតាលី។ តំបន់ទេសចរណ៍ Xi’an នេះមានអាយុកាលប្រហែលជា ៣ ១០០ឆ្នាំ ដោយបានឆ្លងកាត់អស់ ១៣ សន្ដតិវង្សរបស់ប្រទេសចិន។ នៅពេលដែលលោកអ្នកធ្វើដំណើរទៅកាន់តំបន់នេះ សូមកុំភ្លេចទៅលេងបន្ទាយទាហានប្រវត្ថិសាស្ត្រ កំពែងការពារក្រុង ព្រមទាំងសារមន្ទីរចម្លាក់ ហើយជាពិសេសនោះ កុំភ្លេចភ្លក់រសជាតិមីបាយកក ដ៏ល្បីល្បាញប្រចាំតំបន់នោះផងដែរ។


លេខ ១ ៖ Nyingchi, Tibet

តំបន់ទេសចរណ៍ Nyingchi គ្រប់ដណ្តប់នៅភាគអាគ្នេយ៍ នៃខ្ពង់រាបទីប៉េ តាមបណ្តោយទន្ល Yarlung Zangbo របស់ប្រទេសចិន។ នៅពេលដែលលោកអ្នកធ្វើដំណើរទៅកាន់ទីនោះ លោកអ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងពពកវិល តាមកំពូលនៃជួរភ្នំ ព្រៃឈើដ៏ក្រាស់ធ្មឹក និងដើមស្រល់កម្ពស់ជាង ៣០ម៉ែត្រ កំពុងតែឈរបង្ហាញរាងរបស់វា យ៉ាងស្រស់ស្អាត គួរជាទីគយគន់។ លើសពីនេះទៅទៀតនោះ ភ្ញៀវទេសចរណ៍អាចកំសាន្តជាមួយនឹងសកម្មភាពផ្សេងៗដូចជា ការឡើងភ្នំលេង ការជិះក្បូនលេងកំសាន្ត ព្រមទាំងការស្លៀកពាក់ប្រចាំប្រពៃណីនៅតំបន់នោះផងដែរ។


តើប្រិយមិត្តចង់ធ្វើដំណើរទៅកាន់តំបន់ណាមួយ ក្នុងចំណោមតំបន់ទាំង ៥នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]