ខេត្តឧត្តរមានជ័យ ៖ គិតត្រឹមថ្ងៃទី០១តុលានេះ នៅសល់តែមួយថ្ងៃទៀត ប៉ុណ្ណោះដល់ខួប១ខែគត់ ដែលស្រ្តីម្នាក់ ត្រូវបានគេសម្លាប់ ដោយកាប់ដាច់ក្បាល នៅស្រុកអន្លង់វែង កាលពីថ្ងៃទី០២កញ្ញា ២០១៣ ។

រហូតមកដល់ព្រឹកថ្ងៃទី០១ តុលា ២០១៣ សមត្ថកិច្ចពាក់ព័ន្ឋនៅតែគ្មានពន្លឺ ក្នុងការតាមប្រមាញ់ជនដៃដល់ ក្នុងអំពើឧក្រិដ្ឋដ៏សាហាវនេះ ។ ចំណែកអ្នកនំាពាក្យ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៏ឯក គៀត ច័ន្ទថារិទ្ឋ មិនអាចសុំការអត្ថាធិប្បាយ តាមទូរស័ព្ទបាននៅឡើយទេ នាព្រឹកថ្ងៃអង្គារនេះ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកលើកទទួល ។

គួររំលឹកថា ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយត្រូវឃាតករសម្លាប់ដោយកាត់ក្បាល យ៉ាងឃោរឃៅព្រៃផ្សៃបំផុត និងកម្រកើតមានអំពើ សាហាវបែបនេះណាស់ នាពេលកន្លងមក ព្រោះជាការសម្លាប់ដោយកំហឹង ដែលអាចជារឿងគំនុំ កប់ទុកជាយូរមកហើយ ។

ហេតុការណ៍នេះបានកើតឡើង នៅតាមដងផ្លូវលំមួយចូលទៅក្នុងក្រុមហ៊ុនមួយ ឈ្មោះទំរីងរ៉ាប់បឺ ក្នុងភូមិអណ្ដូង៣ ហៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០២ កញ្ញា ២០១៣ ។

នារីម្នាក់ឈ្មោះប្រិម សាវិន អាយុ១៨ឆ្នាំ ដែលត្រូវជាប្អូនបង្កើតរបស់ស្ត្រីរងគ្រោះ រស់នៅក្នុងភូមិឃុំខាងលើរៀបរាប់ថា បងស្រីរបស់នាងដែលគេសម្លាប់កាត់ក្បាលនេះឈ្មោះប្រិម សាវ៉ាន អាយុ២១ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន២នាក់ ។ ប្ដីរបស់គាត់បានលេបថ្នាំសម្លាប់ខ្លួនកាលពីអំឡុងឆ្នាំ២០០៨ ដោយសារការប្រចណ្ឌចោទថា បងស្រីនាងលបលួចមានសហាយស្មន់ ។ បន្ទាប់មក បងស្រីបានយកប្ដីក្រោយម្នាក់ទៀតឈ្មោះទូច ធ្វើការនៅអង្គការដោះមីនហាឡូត្រាសបានកូន១ សរុបកូនប្ដីមុននិងប្ដីក្រោយទាំងអស់៣នាក់ ។ នាងជាប្អូនបានរៀបរាប់បន្តថា នៅវេលាម៉ោងប្រមាណ៩ទៅ១០យប់ថ្ងៃទី២ កញ្ញា មានមនុស្សម្នាក់បានទូរស័ព្ទមកជួបបងស្រីនាងឱ្យទៅយកលុយដោយមិនដឹងថារូបគេនេះជំពាក់ ឬយ៉ាងណានោះទេ ហើយបងស្រីក៏បានខ្ចីម៉ូតូម៉ាកវ៉េវចាស់មួយគ្រឿងពីឈ្មោះចិន ជាអ្នកភូមិជាមួយគ្នាទៅទាំងយប់ ។ ចាប់តាំងពីពេលនោះមកមិនឃើញបងស្រីវិលត្រឡប់មកវិញទេ រហូតដល់ភ្លឺ ទើបមានការភ្ញាក់ផ្អើលថាបងស្រីរបស់នាងត្រូវឃាតករសម្លាប់យ៉ាងព្រៃផ្សៃដោយកាត់ក្បាលនៅកណ្ដាលផ្លូវ ។

លោកអនុសេនីយ៍ទោ អាំ វណ្ណារិទ្ធ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអន្លង់វែង ក្រោយពេលធ្វើការត្រួតពិនិត្យរួចសន្និដ្ឋានថា ការសម្លាប់ស្ត្រីម្នាក់នេះសង្ស័យជារឿងគំនុំ ឬជារឿងអាថ៌កំបាំងណាមួយក៏អាចថាបាន ។ ចំណែកមន្ត្រីសមត្ថកិច្ចផ្សេងទៀតសន្និដ្ឋានថា ជនដៃដល់ដែលសម្លាប់ស្ត្រីរងគ្រោះនេះគឺជាមនុស្សស្គាល់គ្នា ហើយមានការទុកចិត្តថែមទៀត ទើបស្ត្រីរងគ្រោះហ៊ានទៅជួបទាំងយប់ដោយគ្មានការភ័យខ្លាច ។

ជុំវិញឃាតកម្មសម្លាប់កាត់ក្បាលនេះ តាមការសន្និដ្ឋានជាការធ្វើឃាត ដោយមានការគិតទុកជាមុន របស់ឃាតករដែលពោរពេញទៅដោយកំហឹង ។ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ហើយនិងអាចឈានទៅរកការស្រាវជ្រាវ តាមរយៈលេខទូរស័ព្ទដែលមានការទាក់ទងគ្នា មុនពេលកើតហេតុផងដែរ ដែលឃាតករបែបនេះមិនងាយគេចខ្លួនរួចពីកណ្ដាប់ដៃសមត្ថកិច្ចណាស់ ។

ផ្លូវលំចូលក្រុមហ៊ុនទំរីងរ៉ាប់បឺដែលតភ្ជាប់ពីផ្លូវជាតិលេខ៦៧B មានចម្ងាយប្រមាណ១គីឡូម៉ែត្រ ហើយចំណុចមុខផ្លូវចូលក្រុមហ៊ុនក៏មានបារាស់មួយផងដែរ ដែលតាមអ្នកយាមនិយាយថា នៅយប់នោះមានម៉ូតូ២គ្រឿងទៅ៣គ្រឿងបានចេញចូលតែមិនមានការចាប់អារម្មណ៍នោះទេ ។

ការសម្លាប់កាត់ក្បាលស្ត្រីរងគ្រោះនេះ គឺជាចេតនាសម្លាប់ ដោយជនដៃដល់មិនបានយកអ្វីដែលមានជាប់នឹងខ្លួនស្ត្រីរងគ្រោះរាប់ទាំងម៉ូតូផងដែរ ។ យ៉ាងណាក៏ដោយគេនៅតែមានជំនឿនិងសង្ឃឹមថា ជនដៃដល់អាចនឹងត្រូវចាប់ខ្លួនបានមិនខានក្រោមជំនាញរបស់សមត្ថកិច្ច ដើម្បីឲ្យព្រលឹងជនរងគ្រោះស្ងប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]