ភ្នំពេញ៖ គូស្នេហ៍ដ៏ក្មេងខ្ចីមួយគូ ត្រូវបានរថយន្តលុច្យស៊ីសមួយគ្រឿង បុកបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ហើយរថយន្តបើកគេចបាត់ ខណៈឌុបគ្នាដើរលេង បណ្តើរសាសង កាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកស្តេប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-9971 ជិះគ្នា២នាក់ ដែលជាគូស្នេហ៍ បើកក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកលុច្យស៊ីស ពណ៌ខ្មៅ មិនចាំស្លាកលេខ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បើកច្រាសទិសជាមួយម៉ូតូរងគ្រោះមកដល់ក៏បត់ឆ្វេង បណ្តាលឲ្យម៉ូតូចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅយ៉ាងពេញទំហឹង បណ្តាលឲ្យគូស្នេហ៍ខាងលើរងរបួសធ្ងន់ ដោយអ្នកឌុបរងរបួសលើផ្ទៃមុខ និងនាងជាសង្សាររងរបួសត្រង់ពោះ ។ រីឯរថយន្តបង្កវិញឃើញស្ថានភាព មិនល្អដូច្នោះ បានបន្ថែមល្បឿនគេចបាត់ ។

នគរបាលចរាចរណ៍ បានឲ្យដឹងថា អ្នកបើកបរម៉ូតូមានឈ្មោះ ស៊ឹម ពៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ខាងក្រោយសាលាសង្កាត់ចោមចៅ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិស្គា ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រងរបួសបែកមុខ ហូរឈាមតាមមាត់ សន្លប់ឈឹង និងនារីជាសង្សារមានឈ្មោះ ឆឹម ស្រីអូន អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់ នៅផ្ទះជួលជាក្បែរគ្នា មានស្រុកកំណើត ភូមិត្រពាំងទាប ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសត្រូវចំ ពោះ ម៉ូតូរងការខូចខាត ខ្ទេចមួយកំណាត់ខាងមុខ ។

ក្រោយពេលកើតហេតុ នគរបាលទូរស័ព្ទហៅរថយន្តសង្រ្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីពេទ្យកាល់ម៉ែត រីឯម៉ូតូ ត្រូវនគរបាលយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការស្រាវជ្រាវរករថយន្តបង្កហេតុ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]