រាជធានីភ្នំពេញ ៖ រថយន្តម៊ីស៊ុយមីស៊ី ១គ្រឿង ខណៈពេលធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៣ ពេលកំពុងមានភ្លៀងរលឹមស្រិចៗ ក៏បានជ្រុលចង្កូតទៅបុករថយន្ត កុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយរថយន្តម៊ីស៊ុយមីស៊ីបាន រេចង្កូតទៅបុកម៉ូតូឌ្រីម ១គ្រឿងទៀត បណ្តាលឲ្យបុរសម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៣០នាទី ល្ងាចថ្ងៃទី៣០ កញ្ញា ២០១៣ នៅចំណុចក្បែរសាលាសង្កាត់ភ្លើងឆេះរទេះ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តម៉ាកម៊ីស៊ុយមីស៊ី ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ឆ-9763 ភព2 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលល្បឿនទៅបុក រថយន្តកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5037 ដែលបើកច្រាសទិសគ្នា ចំធុងសំាងពេញទំហឹង ហើយបានរេចង្កូតទៅបុកម៉ូតូឌ្រីមC125 ពណ៌ខ្មៅ ១គ្រឿងទៀត ជិះដោយបុរសម្នាក់ឈ្មោះ សឿង សានិត អាយុ ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកម៉ូតូគាបជាប់ក្រោមរថយន្តអូសធ្លាក់ផ្លូវ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងនាំយករថយន្ត រួមទាំងម៉ូតូ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]