ភ្នំពេញៈ អតីតតារាចម្រៀង ប្រចាំផលិតកម្ម អឹម កញ្ញា ពេជ្រ សូលីកា បានបង្ហោះពាក្យសម្តីប្រកាសក្តែងៗ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាងថា ចង់បញ្ចប់អាជីពសិល្បៈចោលទាំងស្រុង ឈប់ប្រឡូកវិស័យមួយនេះទៀតហើយ ខណៈដែលសន្ទុះកេរ្តិ៍ឈ្មោះរបស់នាង កំពុងតែឡើងកូដជាលំដាប់ ប្រៀបដូចកាំជណ្តើរ។ តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលនោះ គឺនៅសុខៗស្រីស្អាតរូបនេះ បែរជាប្រកាសថា ឈប់ពីសិល្បៈទាំងស្រុង ក្រោយពីនាងបានចេញពីផលិតកម្ម ចាស់អស់រយៈពេលជាច្រើនខែមកហើយ ។

នាពេលកន្លងមក ពេជ្រ សូលីកា ធ្លាប់បានប្រកាស ជាសាធារណៈម្តងរួចមកហើយថា នាងឈប់ពីសិល្បៈ បន្ទាប់ពីនាងសម្រេចចិត្តវេចបង្វេចចាកចេញ ពីទ្រនំចាស់ផ្លាស់ទ្រនំថ្មី មានពាក្យចចាមអារ៉ាមខ្លះលើកឡើងថា នាងទៅជ្រកនៅផលិតកម្ម សាន់ដេ អ្នកខ្លះថា នាងទៅជ្រកនៅ ផលិតកម្មថោនជាដើម។ ទីបំផុតនាងនៅតែស្ងប់ស្ងាត់ មិនបានបង្ហាញពន្លឺ នៃការចូលទៅជ្រកក្រោមដំបូលផលិតកម្មណាមួយនោះទេ ។

តែថ្មីៗនេះ អតីតតារាចម្រៀងល្បីឈ្មោះ ក្រមិចក្រមើម កញ្ញា ពេជ្រ សូលីកា បានប្រកាសក្តែងៗ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ជាភាសាខ្មែរ កាលពីជាង១០ម៉ោងមុននេះថា “លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច” តាមរយៈសម្តីទាំងនេះ បានស្តែងឲ្យឃើញថា នាងបញ្ចប់អាជីពសិល្បៈ ព្រោះតែនាងមានការខ្លាចរអារឿងអ្វីមួយ ឬក៏ធ្លាប់មានរឿងហេតុណាមិនល្អ កើតឡើងលើនាងហើយមើលទៅ បានជាសុខៗនាងបានព្រលយពាក្យសម្តីថា "សិល្បៈជាពិភពគួរឲ្យ ខ្លាច"បែបនេះ ។

ទោះបីជាយ៉ាងណា ក៏មានការ Comment ជាច្រើនរយនាក់បានសាកសួរ ពីមូលហេតុ ដែលនាងសម្រេចចិត្តឈប់ពីសិល្បៈ ប៉ុន្តែគេមិនបានឃើញ នាងឆ្លើយតបប្រាប់ពីមូលហេតុច្បាស់លាស់ទេ។ នៅថ្ងៃទី៣០ ខែ កញ្ញានេះ LookingTODAY ក៏មិនអាចទាក់ទងសុំការបកស្រាយ មូលហេតុច្បាស់លាស់ថា នាងឈប់ពីសិល្បៈពិតប្រាកដមែន ឬក៏នាងគ្រាន់ តែនិយាយឲ្យរួចពីមាត់ ខណៈលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិនអាចទាក់ទងបាន ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]