យោងតាមសារព័ត៌មាន japancrush របស់ប្រទេសជប៉ុន បានឲ្យដឹងថា បុរសជនជាតិជប៉ុន ជាបុគ្គលិកក្រុមហ៊ុនម្នាក់ បានដើរត្រលប់មកដល់ផ្ទះរបស់ខ្លួនវិញ នៅពីថ្ងៃទី០៥ ខែកញ្ញា ដែលស្ថិតក្នុងសង្កាត់ Taihaku នៃទីក្រុង Sendai ប្រទេសជប៉ុន បន្ទាប់ពីចំណាយពេល ១១ថ្ងៃ ដើរអស់ ១៤០០គីឡូម៉ែត្រ ក្រោយពីកាបូបលុយត្រូវបានគេលួច កាលពីថ្ងៃទី២៥ ខែសីហា។

ប្រភពដដែលបានបន្តទៀតថា នៅថ្ងៃទី២៥ ខែសីហា បុរសជនជាតិជប៉ុនរូបនេះ បានខកខានការហោះហើរ ហើយទូរស័ព្ទរបស់គាត់ ក៏អស់ថ្មថែមទៀត។ បន្ទាប់មកគាត់ក៏បានសម្រេចចិត្ត ដើររកហាងអ៊ីនធឺណែតកាហ្វេ ដែលស្ថិតក្នុងទីក្រុង Fukuoka ដើម្បីសុំគេសម្រាកមួយយប់។ ប៉ុន្តែជាសំណាងអាក្រក់ នៅក្នុងថ្ងៃដដែលវេលាម៉ោង ១០យប់ គាត់ត្រូវបានបុរសមួយក្រុម ដែលស្ថិតនៅតាមដងផ្លូវ មានគ្នាប្រហែល ៥នាក់ សម្លុតយកកាបូបលុយ និងទូរស័ព្ទរបស់គាត់ គាត់ភ័យខ្លាំងពេក ក៏ទុកកាបូបលុយ និងទូរស័ព្ទនៅលើដី រួចរត់គេចខ្លួនតែម្តង។

បន្ទាប់មកគាត់បានដើរ និងដេក នៅតាមផ្លូវដែលត្រលប់មកផ្ទះរបស់គាត់ ដោយចំណាយពេលអស់ ១១ថ្ងៃ ដើរអស់ ១៤០០គីឡូម៉ែត្រ។ នៅពេលនោះគាត់បានយកលុយចំនួន ២០០០យ៉េន (ប្រហែល ២០ដុល្លារ) ដែលលាក់នៅក្នុងស្បែកជើង មកទិញនំប៉័ងញ៉ាំ។

យ៉ាងណាមិញ រហូតមកដល់ថ្ងៃទី០៥ ខែកញ្ញា វេលាម៉ោង ៧យប់ គាត់បានដើរទៅបារមួយកន្លែង ដែលជាកម្មសិទ្ធិរបស់ម្តាយគាត់ ស្ថិតក្នុងទីក្រុង Iwanuma នៃប្រទេសជប៉ុន។ ម្តាយរបស់បុរសនោះ បានយំយ៉ាងខ្លាំង បន្ទាប់ពីបានឃើញកូនរងទុក្ខបែបនេះ ហើយក៏បានទូរស័ព្ទហៅប៉ូលីស ដើម្បីឲ្យជូនកូនរបស់គាត់ ត្រលប់ទៅផ្ទះវិញតែម្តង៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]