ភ្នំពេញ៖ សហការីស្ថានីយ ទូរទស្សន៍បាយ័ន ចំនួន២នាក់ ត្រូវ របួសធ្ងន់ធ្ងរ និង យុវជន ៣ នាក់ ទៀតក៏ត្រូវ រងរបួសធ្ងន់ស្រាល ដោយសារ ពួកគេជិះម៉ូតូចំនួន ២គ្រឿង បុកគ្នាយ៉ាងពេញទំហឹង នៅចំណុចផ្លូវលេខ ១៦៣ កែងផ្លូវលេខ ៤៦០ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន កាលពីវេលា ម៉ោង ២៣ និង ៥០ នាទីយប់ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៣ ។

យោងតាម ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅអន្តរាគមន៍ ដល់កន្លែងកើតហេតុ បាន ឲ្យដឹងថា សហការីទូរទស្សន៍បាយ័ន ដែលរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍ខាងលើ ទី ១ ឈ្មោះ មាស ចាន់ធឿន ភេទប្រុស អាយុ ៤៦ ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទី២ ឈ្មោះ ក្រេត យ៉ន់ ភេទប្រុស អាយុ ២៦ ឆ្នាំ មានស្រុកកំណើត នៅភូមិអង្គកណ្តាល ឃុំព្រៃល្វា ស្រុក ព្រៃកប្បាស ខេត្តតាកែវ និង ៣នាក់ទៀតនោះ មិនទាន់ត្រូវបាន ស្គាល់អត្តសញ្ញាណឡើយ ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គឺសហការីទូរទស្សន៍បាយ័ន មានគ្នាចំនួន ៣ នាក់ជិះ ម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ស ឌុបគ្នាធ្វើដំណើរ តាមបណ្តោយផ្លូវលេខ ១៦៣ទិសដៅពី ជើងទៅ ត្បូង ដោយបានជិះក្នុងល្បឿនល្មម បំណងទៅបំពេញបេសកម្ម យកព័ត៌មានហេតុការណ៍ គ្រោះថ្នាក់ ចរាចរ នៅចំណុចមុខមន្ទីរពេទ្យ បញ្ញាសាស្រ្ត តាមបណ្តោយផ្លូវលេខ ២៧១ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន ប៉ុន្តែជាអកុសលខណៈពួកគាត់ ជិះម៉ូតូដល់ ចំណុចកែងផ្លូវលេខ ៤៦០ ស្រាប់តែមានក្មេងស្ទាវ ចំនួន ២ នាក់ ដែលស្ថិត ក្នុងសភាពស្រវឹងស្រាជោកខ្លួន បានជិះម៉ូតូ មួយ គ្រឿងម៉ាក សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-0494 ជិះក្នុងល្បឿន យ៉ាងលឿន ទិសដៅ ពីកើតទៅលិច តាមបណ្តោយផ្លូវលេខ ៤៦០ ជ្រុលទៅបុកចំម៉ូតូឃ្លីក ពាក់កណ្តាលតែម្តង បណ្តាល ឲ្យឈ្មោះ មាស ចាន់ធឿន រងរបួសបាក់ជើងខាងឆ្វេងម្ខាង នឹងឈ្មោះ ក្រេត យ៉ន់ រងរបួសបែកមុខ និងបែកក្បាលស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ ។ ហើយចំណែក ៣នាក់ទៀត ក៏ត្រូវរងរបួសធ្ងន់ស្រាល ផងដែរ ។

 បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ សហការជាមួយ នគរបាលចរាចរណ៍ ខណ្ឌចំការមន ធ្វើការវាស់វែងអូស យកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ និងអ្នករងរបួស ត្រូវបានដឹកបញ្ជូន ទៅសង្គ្រោះ នៅតាមមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ។ ប៉ុន្តែលោក មាស ចាន់ធឿន និងលោក ក្រេត យ៉ន់ ត្រូវជាសហការីទូរទស្សន៍ បាយ័ន រងរបួសធ្ងន់ធ្ងរ កំពុងសម្រាកក្នុងមន្ទីរពេទ្យ ព្រះកុសុមៈ ( ហៅ មន្ទីរពេទ្យលោកសង្ឃ) ។

គួរបញ្ជាក់ថាលោក មាស ចាន់ធឿន បានបម្រើការងារ ជាភ្នាក់ងារយកព័ត៌មាន ជាច្រើនឆ្នាំណាស់ មកហើយ  ជាពិសេសនេះ រូបលោក មានអាយុក៏ចាស់ដែរ ប៉ុន្តែមូលហេតុ ដែលតែមានជីវភាពខ្វះខាត ខ្លាំងពេក ក៏បានសម្រេចសុំបម្រើការងារ ក្នុងស្ថានីយទូរទស្សន៍បាយ័ន នៅពេលយប់ ដើម្បីរកប្រាក់ កំរៃជួយក្រុមគ្រួសារ ។ ដូច្នេះតាមរយៈគេហទំព័រ ដើមអម្ពិល លោក មាស ចាន់ធឿន ដែលរងរបួស បាក់ជើង បានសូមអំពាវនាវ សុំឲ្យសម្បុរស និងថ្នាក់ដឹកនាំ មេត្តាជួយឧបម្ភត្ថថវិកា បន្តិចបន្តួច ដើម្បីព្យាបាលរបួសរបស់លោកផង ព្រោះដោយសារ ពេលនេះ ក្រុមគ្រួសារបស់លោក គ្មានប្រាក់ បង់ថ្លៃព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ ព្រះកុសុមៈទេ ៕

















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]