ខេត្តកំពង់ឆ្នាំង ៖ នគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំង បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៩ កញ្ញា តាមបណ្តឹងរបស់ម្ចាស់ផ្ទះថា បានលបចូលក្នុងផ្ទះ បំណងលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៨ កញ្ញា នៅភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ។

លោក ហ៊ុល វាសនា អធិការរងនគរបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ ផាន់ ខេមរា ហៅឆ្លូញ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង តែបានមកស្នាក់នៅក្នុងភូមិខាងលើ ។ នៅយប់ថ្ងៃកើតហេតុ  ជននេះបានលួចឆ្កឹះគន្លឹះទ្វារផ្ទះរបស់ឈ្មោះ ស៊ិន សំបាន ភេទស្រី អាយុ៤៩ឆ្នាំ នៅក្នុងភូមិត្រពាំងចិក្សា ហើយចូលទៅក្នុងផ្ទះ បំណងលួចយកទ្រព្យសម្បត្តិ តែពេលនោះម្ចាស់ផ្ទះដឹងទាន់បើកភ្លើងមើល ឃើញឈ្មោះនេះរត់ចេញទៅវិញ ក៏ស្រែកឆោឡោឡើងផ្អើលដល់អ្នកជិតខាង ។ លុះព្រឹកឡើងម្ចាស់ផ្ទះក៏បានមកប្តឹងនគរបាល ទើបមានការចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ ផាន់ ខេមរា ហៅឆ្លូញ នេះតែម្តង។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យសារភាពថា ខ្លួនពិតជាបានលបចូលផ្ទះគេមែន ប៉ុន្តែបំណងគ្រាន់តែចង់លួចអង្ករប៉ុណ្ណោះ ។ ទោះជាយ៉ាងណា នគរបាលក្រុងកំពង់ឆ្នាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងតាមនីតិ វិធីច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]