ក្រុមតារាចម្រៀងបុរសល្បីល្បាញ របស់ចក្រភពអង់គ្លេស One Direction កំពុងស្ថិតក្រោមការស៊ើបអង្កេតមួយ បន្ទាប់ពីប៉ូលីសបានរកឃើញភស្តុតាង ដែលរថយន្តរបស់ពួកគេ បានបើកបរក្នុងល្បឿនយ៉ាងលឿន ដើម្បីគេចពីអ្នកគាំទ្រ ដោយបានបើកកាត់ភ្លើងចរាចរណ៍ក្រហម ៣លើក នៅទីក្រុង Perth ប្រទេសអូស្ត្រាលី កន្លងទៅនេះ។

បើតាមអាជ្ញាធរនៅតំបន់នោះ បានឲ្យដឹងថា សមាជិកទាំងប្រាំនៃក្រុមចម្រៀង One Direction នេះបានបើកបររថយន្តម៉ាក Mercedes ចំនួនបីគ្រឿង ក្នុងល្បឿនយ៉ាងលឿន ដើម្បីគេចពីអ្នកគាំទ្រពួកគេ នៅមុនពេលដែលធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួននោះ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអូស្ត្រាលីបានចេញសេចក្តីប្រកាសយ៉ាងមុតមាំថា ប្រទេសអូស្ត្រាលីជាប្រទេសដែលមានច្បាប់ត្រឹមត្រូវ បុគ្គលណាដែលហ៊ានល្មើសនឹងច្បាប់ នឹងត្រូវផ្តន្ទាទោស តាមប្រព័ន្ធច្បាប់ ទោះបីជាពួកគេជាក្រុមតារាចម្រៀងល្បី លំដាប់ពិភពលោកក៏ដោយ។ ពួកគេបានប្រើប្រាស់ផ្លូវ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអូស្ត្រលី ដូចនេះពួកគេដាច់ខាតត្រូវតែគោរពច្បាប់។

ក្នុងនោះអាជ្ញាធរប្រទេសអូស្ត្រលី ក៏បានគូសបញ្ជាក់ទៀតថា គ្មានបុគ្គលណាដែលស្ថិតនៅលើច្បាប់ឡើយ ពោលគឺប្រជាជនទាំងអស់ត្រូវស្ថិតនៅប្រព័ន្ធច្បាប់គ្រប់ៗគ្នា។




តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះចំណាត់ការរបស់អាជ្ញាធរអូស្ត្រាលី ទៅលើក្រុមចម្រៀងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]