ការប្រកួតបាល់ទាត់ ក្របខ័ណ្ឌ English Premier League សប្តាហ៍ទី ៦ ចំនួន ៦ប្រកួត នារាត្រីយប់ថ្ងៃសៅរ៍ បានបញ្ចប់ទៅហើយ ដោយផែនដីដូចជាក្រឡាប់ចាក់ នៅពេលដែលក្រុមកាំភ្លើងធំ Arsenal ឡើងទៅឈរនៅលំដាប់កំពូលនៃតារាង EPL ហើយតោខៀវ Chelsea ប្រកួតត្រឹមស្មើ ខណៈក្រុម Manchester ទាំងពីរចាញ់យ៉ាងអាម៉ាស់ កន្លងទៅនេះ។

ការប្រកួតដ៏ស្វិតស្វាញ និងក្តៅគគុក រវាងក្រុមមាន់គក Tottenham Hotspur និងក្រុមតោខៀវ Chelsea បានបញ្ចប់ទៅដោយលទ្ធផល ១ទល់នឹង១ គួរឲ្យជក់ចិត្តដិតអារម្មណ៍។ ការប្រកួតមិនទាន់បានស្រួលបួលផង ស្រាប់តែក្រុមម្ចាស់ផ្ទះ Spur អាចរកបានមួយគ្រាប់នាំមុខក្រុមភ្ញៀវ ១ទល់នឹង០ ដោយការបញ្ចូនបាល់យ៉ាងល្អដោយកីឡាករ Soldado ទៅឲ្យកីឡាករ Sigurdsson បំប៉ោងសំណាញ់ទីបានសម្រេចនៅនាទីទី ១៩។ លទ្ធផលបណ្តោះអាសន្ននេះ បានបន្តរហូតដល់ចប់ការប្រកួតតង់ទីមួយ។ ឈានចូលដល់តង់ទី ២ គ្រូបង្វឹកក្រុមតោខៀវ Chelsea ហាក់ដូចជាដូរទម្រង់លេងបែបសម្រុកពេញទំហឹង ដោយបានដូរកីឡាករជម្រើសជាតិអេស៉្បាញ Juan Mata ចូលជំនួសកីឡាករ Mikel។ ការប្តូរយុទ្ធសាស្ត្របែបសម្រុកនេះ ពិតជាមានលទ្ធផលមែន ដោយក្រុមតោខៀវ Chelsea បានវាយសម្រុកក្រុមម្ចាស់ផ្ទះ Spur យ៉ាងខ្លាំងបណ្តាលឲ្យខ្សែការពារ Spur បែកញើសប៉ុនគ្រាប់ពោត ព្រោះហត់នឹងទប់ទល់នឹងការសម្រុកនេះ។ បីដូចសុភាសិតមួយ ដែលពោលថា អោយតែព្យាយាម គង់បានសម្រេច នោះគឺទីបំផុតក្រុមតោខៀវ Chelsea បានវាយបកតាមយកស្មើ ១ទល់នឹង១ រហូតដល់ចប់ការប្រកួត ដែលគ្រាប់បាល់នេះ គឺបញ្ចូនបាល់ពិន័យពីកីឡាករ Juan Mata ចូលមកតំបន់គ្រោះថ្នាក់របស់ Spur និងទែតបញ្ចូលទីបានយ៉ាងល្អឥតខ្ចោះ ដោយកីឡាករ John Terry នៅនាទីទី ៦៥នោះ។ គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះ កីឡាករ Torres ត្រូវបណ្តេញចេញពីការប្រកួត ដោយទទួលបានកាតក្រហម នៅនាទីទី ៨១ ដោយសារការប៉ះទង្គិចជាមួយខ្សែការពារ Vertonghen របស់ Spur។


វីដេអូ៖ highlight Tottenham 1 – 1 Chelsea

 

ងាកទៅមើលលទ្ធផលរវាងក្រុម Manchester ទាំងពីរវិញគឺមិននឹកស្មានដល់សោះឡើយ ដោយក្រុម Aston Villa សំពង Manchester City ដោយលទ្ធផល ៣ទល់នឹង២ ខណៈ Manchester United ទទួលរងបរាជ័យលើកទី៣ របស់ខ្លួន ដោយចាញ់ក្រុម West Brom ក្នុងទឹកដីដោយលទ្ធផល ១ទល់នឹង២។ ដោយសារតែការបរាជ័យនេះហើយ ក្រុមមេឃខៀវ Man CITY ត្រូវធ្លាក់មកឈរនៅលំដាប់ថ្នាក់លេខ ៥ ខណៈ Man UTD កាន់តែដុនដាប ដោយធ្លាក់មកនៅលំដាប់ថ្នាក់លេខ ១២ ជាប្រវត្ថិសាស្ត្ររបស់ក្លឹប ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី លោក David Moyes ដែលផ្លាស់ចូលជំនួសលោក Sir Alex បន្ទាប់ពីគាត់សម្រេចចិត្តចូលនិវត្តន៍ កន្លងទៅនោះ។

ចំណែកឯការប្រកួត ៣ ផ្សេងទៀតគឺ ក្រុមកាំភ្លើងធំ Arsenal យកឈ្នះ Swansea ១ទល់នឹង២ ធ្វើឲ្យក្រុមនេះ ឡើងទៅឈរនៅលំដាប់កំពូលក្នុងតារាង ហើយក្រុម Southampton ផ្តួល Crystal Palace ២ទល់នឹង០ ខណៈក្រុមខ្លារខិន Hull City យកឈ្នះ West Ham ១ទល់នឹង០ ក្នុងកីឡាដ្ឋាន KC Stadium របស់ខ្លួន។

តារាងលទ្ធផលការប្រកួតកន្លងទៅនេះ៖


តារាងការប្រកួតនាយប់ថ្ងៃអាទិត្យនេះ


តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖


កុំភ្លេចចូលរួមលេងល្បែង ស្តេចទាយបាល់ របស់ខ្មែរឡូតគ្រប់ៗគ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]