ភ្នំពេញៈ អស់រយៈពេលជាង ២ឆ្នាំមកហើយ ដែលតារាសម្តែងស្រី វ័យក្មេង កញ្ញា ប៊ីរីយ៉ា បានទម្លាយពី ទំនាក់ទំនងស្នេហា រវាងនាង និងគូស្នេហ៍ លោក ឈុន ហាំងជ័រ ដោយបើកចំហរ។ ជានិច្ចកាលស្រីស្អាតរូបនេះ តែងតែចេញមុខការពារ ចំណងស្នេហ៍របស់នាង មិនចង់ឲ្យ មានភាពប្រះស្រាំ ណាមួយកើតឡើង ទាំងពាក់កណ្តាល ទីនោះទេ។ បើទោះបីជាមាន ព័ត៌មានបែកធ្លាយ បោកបក់ទៅលើ ដើមឈើស្នេហ៍ របស់នាង យ៉ាងណាក៏ដោយ។

នៅពេលថ្មីៗនេះ មានប្រភពខ្សឹបខ្សៀវគ្នា តពីមាត់មួយទៅមាត់មួយថា ទំនាក់ទំនងរបស់ ពួកគេទាំងពីរហាក់ ចាប់ផ្តើមឃ្លាតឆ្ងាយ ពីគ្នាម្តងបន្តិចៗ រហូតដល់ត្រូវចែកផ្លូវគ្នាដើរ ថែមទៀតផង ។ កាលពីពេលថ្មីៗនេះ តារាសម្តែង និងជាតារា ម៉ូដែលស្រីស្អាត កញ្ញា ប៊ីរីយ៉ា ក៏បានបង្ហាញ អាការៈហាក់ដូចជា មិនសូវសប្បាយចិត្ត ដោយនាងបានសរសេរ ពាក្យសម្តីនៅលើ Accuont Facebook របស់នាងថា “ ចាំទុកណាបើ មនុស្សម្នាក់នេះ នៅតែបារម្ភបានន័យថា មនុស្សម្នាក់នេះ នៅតែ ស្រឡាញ់អ្នក… តែពេលដែលឈឺចាប់ ក៏មានតែមនុស្សម្នាក់នេះ ឈឺចាប់តែម្នាក់ឯង គឺអ្នកមិនបានឈឺនោះទេ ហើយខ្ញុំក៏ឈឺមិនមែន ពេលខ្លីនោះទេ… អ្នកថាអ្វី ក៏អ្នកដឹងដែរ តែអ្នកទុកខ្ញុំចោល...” ។

ការសរសេរពាក្យសម្តី ស្តែងឲ្យឃើញពី ភាពទុក្ខសោក និងការឈឺចាប់ បង្ហោះជាសាធារណៈនេះ ហាក់បង្ហាញឲ្យឃើញពី ភាពរង្គោះរង្គើ ស្នេហារបស់នាង ដូចការលើកឡើង ពីមហាជន ខណៈប្រភពក្រៅ ផ្លូវការបានបង្ហើបថា ចំណងស្នេហារបស់កញ្ញា កូនកាត់បីសាសន៍ និងសង្សារនោះប្រហែល ជាមិនអាចដឹកដៃគ្នាឆ្លងកាត់ ឧបសគ្គរៀបមង្គលការ ក្រាបសំពះផ្ទឹមតាមប្រពៃណី ដូចការរំពឹងទុក របស់ កញ្ញា ប៊ីរីយ៉ា នោះឡើយ។

ក្នុងជីវិតជាអ្នកសិល្បៈ នៅពេលមានទំនាក់ទំនងស្នេហា រវាងអ្នកសិល្បៈ និងអ្នកសិល្បៈដូចគ្នា គេមិនសូវឃើញ ចំណងស្នេហានោះ មានភាពយូអង្វែងនោះទេ មិនយូរមិនឆាប់ ភាពផ្អែមល្ហែម និងប្រែក្លាយជាល្វីងជូរចត់ ដូចបៀមគ្រាប់ស្លែង នៅក្នុងពេលដ៏ខ្លី ដោយសារតែស្នេហានោះ ជារឿយៗ តែងតែមានការចូលជ្រៀតជ្រែក ពីអ្នកទី៣ សម្បូរទ្រព្យ ឬក៏មានងារជាឧកញ៉ា។

ពាក់ព័ន្ធការលេចឮ ភាពរង្គោះរង្គើស្នេហា របស់ស្រីស្អាត ប៊ីរីយ៉ា និង តារាសម្តែងបុរសសង្ហា លោក ឈុន ហាំងជ័រ Looking TODAY មិនអាចទាក់ទងទៅ ពួកគេទាំងពីរនាក់បានទេ ។ LookingTODAY នឹងរង់ចាំការចេញ មុខបកស្រាយ របស់ពួកគេ នៅពេលក្រោយថា ការលេចឮពាក្យបែកបាក់ និងការបង្ហាញពាក្យ សម្តីមួយចំនួនរបស់ កញ្ញា ប៊ីរីយ៉ា មានចេតនាបង្ហាញ ពីការខូចចិត្ត រឿងស្នេហាពិតមែន ឬយ៉ាងណា ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]