ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលនិរោធ ស្ទាក់ចាប់បានភ្លាមៗ នៅតាមបណ្តោយផ្លូវជាតិលេខ ១ ត្រង់ចំណុច មុខទីស្នាក់ការ នគរបាលប៉ុស្តិ៍និរោធ ក្នុងខណ្ឌ មានជ័យ ដោយសារជនសង្ស័យបាន ធ្វើសកម្មភាពកាច់កម៉ូតូ របស់ ប្រជាពលរដ្ឋបានសម្រេច តាំង ពីភូមិពាមរាំង ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល នៅវេលាម៉ោង ១០ និង ២០ នាទី ព្រឹក ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៣ ។
យោងតាម ប្រភពព័ត៌មាន ពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែល ត្រូវ ឃាត់ខ្លួនខាងលើមានឈ្មោះ សន វាសនា ភេទប្រុស អាយុ ៣២ ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំរោងចក្រ សាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើត នៅស្រុកតំបែរ ខេត្តកំពង់ចាម ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានចម្លើយសារភាពថា ខ្លួនជិះរថយន្តឈ្នូល ពី ភ្នំពេញឆ្ពោះ ទៅខេត្តកណ្តាល ខណៈជិះដល់ ចំណុចភូមិពាមរាំង ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ក៏ បានចុះពីរថយន្តឈ្នូល ដើរបានចម្ងាយជាង ២០ ម៉ែត្រ បានឃើញ ម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N-9117 ដែលម្ចាស់ចតចោលនៅ លើចិញ្ចើមផ្លូវ ទើប ឆ្លៀតឱកាសធ្វើសកម្មភាព កាច់កម៉ូតូបានសម្រេច រួចព្យាយាមជិះរត់គេចខ្លួនពី ស្រុកលើកដែក តាមបណ្តោយផ្លូវជាតិលេខ ១ ឆ្ពោះមករាជធានីភ្នំពេញវិញ ប៉ុន្តែដោយមាននគរបាលមូលដ្ឋាន ស្រុក លើកដែក បានប្រកាសតាមវិទ្យុទាក់ទង ឲ្យសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ ជួយស្ទាក់ចាប់ជន សង្ស័យខាងលើនេះ ។
ក្រោយពីនគរបាល ខណ្ឌមានជ័យ បានទទួលដំណឹងនេះ សមត្ថកិច្ចចម្រុះ បានចេញតាមគោល ដៅនីមួយៗ ល្បាតគ្រប់ច្រកល្ហក ។ លើសពីនេះសមត្ថកិច្ច បានដាក់បារ៉ាស់ បិទផ្លូវជាតិលេខ ១ ត្រង់ចំណុច មុខទីស្នាក់ការនគរបាលប៉ុស្តិ៍និរោធ ទើបជនសង្ស័យ មិនសូវស្គាល់ភូមិសាស្រ្ត បាន ជិះម៉ូតូ គេចខ្លួនដល់ចំណុចនេះ ក៏ត្រូវនគរបាលចាប់ក្របួច បានភ្លាមៗតែម្តងទៅ និងដកហូត បានម៉ូតូជនរងគ្រោះបានវិញផងដែរ ។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបាននោះ នគរបាលខណ្ឌមានជ័យ បានកសាងសំណុំរឿង បញ្ជូន ខ្លួនជនសង្ស័យ ទៅឲ្យនគរបាល ឃុំពាមរាំង ដើម្បីយកទៅបន្តធ្វើការសាកសួរ និងផ្តន្ទាទោស តាម ផ្លូវច្បាប់ ដោយសារចំណុចកើតហេតុ នៅភូមិពាមរាំង ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]