ភ្នំពេញៈ ទាំងភាគីជនបរទេស និងជនជាតិខ្មែរ បានរងរបួសធ្ងន់ស្រាលទាំងអស់គ្នា ដោយសារករណីគ្រោះថ្នាក់ចរាចរ ម៉ូតូបុកម៉ូតូ នៅលើ ស្ពានជ្រោយចង្វារ នាវេលាម៉ោង ៨ និង៤៥នាទីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១២។

យោងតាមប្រភពពីសាក្សី ដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេ បានឃើញភាគីរងគ្រោះបានសងខាងបានជិះម៉ូតូស្របទិសគ្នា លុះដល់លើស្ពានជ្រោយចង្វារ ស្រាប់តែជនបរទេស ពីរនាក់គូសង្សារ បានជិះម៉ូតូធំពាក់ស្លាកលេខ ៨៦-៧១-៥១០៤ ជ្រុលទៅបុកម៉ូតូសង់កូរ៉េ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-5896 បើកបរដោយស្រ្តីម្នាក់ ឌុបក្មេង២នាក់ និងស្រ្តីចំណាស់ជាម្តាយម្នាក់ បណ្តាលឲ្យដួលច្រងាប់ច្រងិលនៅ លើស្ពាន។

សាក្សីបន្តថា គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យស្រ្តីជាជនបរទេស និងស្រ្តីចំណាស់ ដែលធ្វើដំណើរតាមម៉ូតូសង់កូរ៉េ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ដោយឡែកបុរសជនជាតិបរទេស និងស្រ្តីជាអ្នកបើក បរម៉ូតូសង់កូរ៉េ និងកូនក្មេង២នាក់ទៀតរងរបួសបន្តិចបន្តួច។

ក្រោយពេលវាស់វែង ទាំងម៉ូតូធំជនបរទេស និងម៉ូតូសង់កូរ៉េរបស់ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំ ដោះស្រាយគ្នាជាក្រោយ៕

ដោយៈ បាន ចក់

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]