ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពបាញ់ប្លន់ យកម៉ូតូមួយគ្រឿងពីជនរងគ្រោះ គូសង្សារ កាលពីវេលា ម៉ោង ២៤ និង ២០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ ភិន ដារ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់ នៅផ្ទះជួល ខាងក្រោយ វត្តស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង នារីត្រូវជាសង្សារមានឈ្មោះ ចន្ថា អាយុ ២០ឆ្នាំ ស្នាក់នៅជិតចំណុចកើតហេតុ ហើយពួកគេ បានជិះម៉ូតូម៉ាក CBR ពណ៌ក្រហម មួយគ្រឿង គ្មានស្លាកលេខ ឌុបគ្នាចេញពីកោះពេជ្រ ត្រឡប់ ទៅផ្ទះវិញ ប៉ុន្តែ ពេលជនរងគ្រោះ ជិះម៉ូតូមកជិតដល់ផ្ទះនារីជាសង្សារ ស្រាប់តែលេចមុខ ជនសង្ស័យចំនួន ២ នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយ កាំភ្លើង១ដើម ជិះម៉ូតូធុនធំមួយគ្រឿង មកក្បែរជនរងគ្រោះ ហើយបានដកកាំភ្លើងបាញ់១គ្រាប់ ត្រូវបញ្ឆិតភ្លៅខាងស្តាំ របស់ឈ្មោះ ភិន ដារ៉ា បណ្តាលឲ្យរងរបួសស្រាល ហើយចំណែកក្រុមចោរប្លន់ បានដណ្តើមយកម៉ូតូ របស់ជនរង គ្រោះជិះគេចខ្លួនដោយសុវត្ថិភាព ។ ភ្លាមៗនោះ នារីរងគ្រោះបានស្រែកឆោមឡោ បង្កឲ្យ មានការភ្ញាក់ផ្អើល ដល់នគរបាលមូលដ្ឋាន ចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ។  

ក្រោយកើតហេតុ គេសង្កេតឃើញ មានសមត្ថកិច្ចមូលដ្ឋាន បានត្រឹមចុះមកធ្វើការ សាកសួរ ព័ត៌មាន ជាមួយជនរងគ្រោះ ដើម្បីកសាង សំណុំរឿងតែប៉ុណ្ណោះ គឺសមត្ថកិច្ចពុំទាន់ដឹង តម្រុយសូម្បីបន្តិច ពាក់ព័ន្ធនឹងករណីខាងលើនេះឡើយ ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០១៣នេះ គឺមានសកម្មភាពបាញ់សម្លាប់ ស្ត្រី ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម លើរ៉ឺម៉កកង់បី ប្លន់យកបូបបានដោយ សុវត្ថិភាព។ ចំពោះករណីប្លន់ ដែលកើតឡើងផ្ទួនៗគ្នាខាងលើ បងប្អូន ប្រជាពលរដ្ឋ មានការ ព្រួយបារម្ភ ពីការរស់នៅ និងសុវត្ថិភាព ក្នុងការធ្វើដំណើរ របស់ពួកគាត់ខ្លាំងណាស់ ដូច្នេះ ប្រជាពលរដ្ឋ បានទទូចសុំឲ្យសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជានគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មេត្តាដាក់កម្លាំងពង្រាយ និងពង្រឹង សមត្ថភាព យាមនៅតាមគោលដៅ ឡើង វិញផង ដើម្បីការពារសុវត្ថិភាព របស់ពួកគាត់ ឲ្យស្របទៅតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព។  

បច្ចុប្បន្នជនជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅទីស្នាក់ការនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ ទាំងទឹកមុខ គ្មានទំនុកចិត្ត លើសមត្ថកិច្ច បន្តិចទេ ព្រោះកន្លងមក សកម្មភាពភ្ជង់ប្លន់ និងបាញ់ ប្លន់ ជាករណី ដែលក្រុមចោរគេចខ្លួនបាត់នោះ គឺពុំដែលឃើញសមត្ថកិច្ច ឃាត់បានក្រុមចោរណា បានម្នាក់ឡើយ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]