ព្រះសីហនុ៖ ជាទម្លាប់អ្នកសារព័ត៌មាន និងកងកម្លាំងប្រដាប់អាវុធ តែងតែអង្គុយនៅហាងកាហ្វេ ជុំគ្នាដើម្បី ជជែកផ្តោះប្តូរព័ត៌មាន និងសហការ គ្នាក្នុងការតាមដាន រាល់បទល្មើសទាំងឡាយ ។ រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោងប្រហែល ១៦ និង២០នាទី ក៏ឮព័ត៌មានពីមេបញ្ជាការរងអាវុធហត្ថខេត្តម្នាក់ថា មាន ករណីទិញហើយបន្លំលួច (ឡើងសាករថយន្តរួចលួចបើករត់) ឡានសេរីទំនើប១គ្រឿងម៉ាក អូឌី (AUDI) ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តនានា ។ បន្ទាប់ពីឮព័ត៌មាននេះរួចទាំងសមត្ថកិច្ច ទាំងអ្នកសារព័ត៌មាន ក៏ចែកផ្លូវគ្នាចេញជួយរករៀងៗខ្លួនៗ ។

រហូតដល់ម៉ោងប្រហែល ១៧និង៥៨ នាទីល្ងាចថ្ងៃដដែល  ក៏បានទទួល ដំណឹង ថារថយន្តសង្ស័យ ខាងលើត្រូវបានកម្លាំងបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ចាប់បានយកទៅដាក់ក្នុងបន្ទាយ ។ បន្ទាប់ពី ឮព័ត៌មានខាងលើភ្នាក់ងារដើមអម្ពិល ក៏បានទំនាក់ទំនងជាមួយ អ្នកយកព័ត៌មាន កាសែតកម្ពុជាថ្មី ដើម្បីទៅយកព័ត៌មានទាំងអស់គ្នា ប៉ុន្តែអ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីជាប់រវល់ ហើយបានអោយភ្នាក់ងារ ដើមអម្ពិលទៅមុន ចាំគាត់ទៅតាមក្រោយ ។

បន្ទាប់ពីទៅដល់បន្ទាយបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុភ្លាម លោកវរសេនីយ៍ទោ បាន តុលា មេបញ្ជារង និងជាប្រធានមន្ទីរព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចេញមកចាប់ដៃ (បុងហ្សួរ) ហើយបានសួរថា មកពីខាងណា បន្ទាប់ពីឮមេបញ្ជារការរងសួរភ្លាម ភ្នាក់ងារយើងក៏ បានឆ្លើយប្រាប់ ទៅវិញថា ខ្ញុំមកពីកាសែតដើមអម្ពិល រួចមេបញ្ជាការរងរូបនេះប្រាប់ថា នៅឱ្យស្ងៀម បន្ទាប់មកគេឃើញ លោកវរសេនីយ៍ត្រី វ៉ា ចាន់ថន (ហៅកុកស) នាយការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌដើរចេញ មកពីក្នុងការិយាល័យជាមួយមនុស្សប្រុសម្នាក់ និងស្រីម្នាក់ សំដៅមករករថយន្តដែលចាប់បាន ដែលរថយន្ត នេះចតនៅខាងក្រៅការិយាល័យក្នុងបន្ទាយ រួចក៏បានហុចសោររថយន្តនេះទៅឱ្យមន្រ្តីអាវុធហត្ថម្នាក់ ដើម្បី ប្រគល់ឱ្យបុរសម្នាក់នោះដោយឈរនៅពីមុខរថយន្តទាំងពីរនាក់ រួចលោកមេបញ្ជាការរង និងនាយការិយាល័យ អាវុធហត្ថខេត្តព្រះសីហនុទាំងពីរនាក់នេះ បានយកទូរស័ព្ទសេរីទំនើបចេញ មកថតការប្រគល់កូនសោរ រថយន្ត នោះ ភ្លាមនោះភ្នាក់ងារដើមអម្ពិលប្រុងស្ទុះទៅសួរលោកមេបញ្ជាការរង បាន តុលា ថា អ្នកទទួលសោររថយន្ត នេះត្រូវជាយ៉ាងម៉េចជាមួយរថយន្តនេះ ហើយអាចថតរូបហុចកូនសោររថយន្តនេះបានដែរឬទេ មិនទាន់ទាំង បានសួរផងស្រាប់តែលោកវរសេនីយ៍ត្រី វ៉ា ចាន់ថន (ហៅកុកស) នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ បានសំឡុត (ស្រែកខ្លាំងៗចង់ភ្លាត់សំលេង) ភ្នាក់ងារដើមអម្ពិលថា មកពីខាងណា ហើយនៅឱ្យស្ងៀម កុំថតឱ្យសោះ ។

បន្ទាប់ពីទទួលការគំរាមភ្លាមភ្នាក់ងារដើមអម្ពិលក៏យកទូរស័ព្ទទុកវិញ ខណៈពេលដែលពួកគាត់ថតចប់រួចរាល់ ភ្នាក់ងារយើងក៏សួរទៅគាត់វិញថា បងសំឡុត ឬបងនិយាយដោយស្រួល ស្រាប់តែលោកវរសេនីយ៍ត្រី វ៉ា ចាន់ថន (ហៅកុកស) នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ បានឆ្លើយទាំងកំរោលចូលថា លោក ឯងមកពីខាងណា នេះជាបន្ទាយរបស់ខ្ញុំ ខ្ញុំចង់ដេញលោកឯងចេញក៏បានដែរ ព្រោះលោកឯងមិនមានកាត សំគាល់ ភ្លាមនោះភ្នាក់ងារយើងក៏ប្រាប់ទៅវិញថា បងខ្ញុំមកពីកាសែតដើមអម្ពិល ហើយខ្ញុំក៏បានឧទ្ទេសនាម និងបានចាប់ដៃជាមួយលោកមេបញ្ជាការរង បាន តុលា រួចរាល់អស់ហើយដែរ ។

បន្ទាប់មកមេបញ្ជាការរង និងនាយការិយាល័យអាវុធហត្ថខេត្តព្រះសីហនុទាំងពីររូបនេះ បានបញ្ចេញ អាកប្បកិរិយាលបែប អសីលធម៌មិនសមជាថ្នាក់ដឹកនាំ ហើយប្រាប់ថា ចេញទៅមិនបាច់ផ្សាយព័ត៌មានអ្វីទេ ។ បន្ទាប់ពីឮគេដេញចេញពីបន្ទាយភ្លាម ភ្នាក់ងារដើមអម្ពិលបានទាក់ទងទៅលោកវរសេនីយ៍ឯក ហេង ប៊ុនទី មេបញ្ជាការរង និងជានាយសេនាធិការនៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចង់ដឹងថាមូលហេតុអ្វី បានជាមន្រ្តីអាវុធហត្ថទាំងពីររូបនេះព្យាយាមលាក់ព័ត៌មាន និងបញ្ចេញអាកប្បកិរិយាបែបនេះ ប៉ុន្តែទូរស័ព្ទ ទាំងបីប្រព័ន្ធរបស់លោកមិនអាចទាក់ទងបាន ។

គួរបញ្ជាក់ថារាល់អ្នកសារព័ត៌មានតែងតែគោរពនូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនជានិច្ច ដោយមិនផ្សាយព័ត៌មាន តែងឯកឯងឡើយ ចំពោះរាល់ព័ត៌មានដែលទាក់ទងទៅនិងសន្តិសុខសង្គម ព្រោះពេលខ្លះបទល្មើសត្រូវរង់ចាំ ពេលវេលាបន្តិច ព្រោះបើកាលណាយើងផ្សាយភ្លាម អាចធ្វើឱ្យជនសង្ស័យដែលពាក់ព័ន្ធផ្សេងទៀតដឹងខ្លួន ហើយមានឱកាសគេចខ្លួនបាត់ នាំបង្ករការលំបាកដល់សមត្ថកិច្ចទៅវិញ ។

ដូច្នេះជាទូរទៅពេលទំនាក់ទំនងយកព័ត៌មាន និងថតរូបនៃជនល្មើស ឬវត្ថុតាងរួចរាល់ អ្នកសារព័ត៌មាន តែងតែសុំការអនុញ្ញាតជាមុនសិន ពីមេបញ្ជាការលោកឧត្តមសេនីយ៍ត្រី ហ៊ាង និង ឬមេបញ្ជាការរង លោកវរសេនីយ៍ឯក ហេង ប៊ុនទី ទទួលបន្ទុកសេនាធិការ ថាព័ត៌មាននេះអាចផ្សព្វផ្សាយបាននៅពេលណា បើគាត់ថាឱ្យផ្សាយ យើងនឹងផ្សាយភ្លាម តែបើគាត់ថាសូមរង់ចាំពេលវេលាស្រាវជ្រាយបន្តិច យើងនិងផ្សាយជូនគាត់នៅពេលក្រោយ ដើម្បីជៀសវាងជនសង្ស័យពាក់ព័ន្ទផ្សេងទៀតដឹងខ្លួន ហើយគេចខ្លួនបាត់នាំតែបង្ករការលំបាកទៅវិញ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]