ភ្នំពេញៈ កញ្ញា សុភ័ក្ត្រ កុសុម៉ា ក្រោយពីត្រឡប់មកពីសម្តែង នៅលើទឹកដីអូស្ត្រាលីវិញ នាងបានបង្ហើបប្រាប់ ពីភាពជោគជ័យ ខណៈមានឱកាស ចេញទៅសម្តែង នៅក្រៅប្រទេសលើកទី១ ។ កុសុម៉ា បានទទួលការគាំទ្រច្រើន ហើយក្នុងកំឡុងពេល ចេញទៅសម្តែងនោះ ក៏មានកំលោះរស់ នៅទីនោះជាច្រើន ព្យាយាមតាមស្រឡាញ់ ចង់បានជាគូរគ្រង ដួងចិត្តផងដែរ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទនៅ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣នេះ កញ្ញា សុភ័ក្ត្រ កុសុម៉ា បានប្រាប់ឲ្យដឹងថា ក្នុងអំឡុងពេលនាង ចេញទៅសម្តែង នៅអូស្ត្រាលី ជាមួយតារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ គឺទទួលបានជោគជ័យច្រើន ស្ទើរមិនគួរឲ្យជឿ។ នាងគិតថា ភាពជោគជ័យការគាំទ្រនោះ ប្រហែលជាមកពីនាង ចេញទៅសម្តែងរួមជាមួយ តារាល្បីឈ្មោះ ហើយមើលទៅ.. ។

តារាស្រីសម្បុរស្រអែមស្រស់ ញញឹមបង្កប់ ដោយមន្តស្នេហ៍ កញ្ញា សុភ័ក្ត្រ កុសុម៉ា បានប្រាប់ឲ្យដឹងថា “ខ្ញុំមានអារម្មណ៍ សប្បាយរីករាយណាស់ នៅពេលការសម្តែងលើកទី១ របស់ខ្ញុំ នៅអូស្ត្រាលីទទួល បានជោគជ័យ មានការស្រឡាញ់គាំទ្រ ពីសំណាក់ បងប្អូនខ្មែរ រស់នៅទីនោះ យ៉ាងច្រើនកុះករ។ មិនតែប៉ុណ្ណោះ ចំនួនអ្នកចូលទស្សនា មានច្រើនលើសកំណត់ ខ្ញុំពិតជារំភើប ចិត្តខ្លាំងណាស់..!”។
ជាធម្មតាតារាស្រីភាគច្រើន នៅពេលបានចេញទៅសម្តែង នៅក្រៅប្រទេស ត្រឡប់មកវិញ ពួកនាងតែងតែ បង្ហើបប្រាប់ពីពន្លក ស្នេហ៍ដែលដុះឡើង។ ដោយឡែក សុភ័ក្ត្រ កុសុម៉ា បានប្រាប់ឲ្យដឹងថា “ ពេលខ្ញុំចេញទៅសម្តែង កាលពីពេលកន្លងទៅ ខ្ញុំសារភាពថា មានបុរសជាច្រើន តាមសុំស្នេហ៍ខ្ញុំ ទាំងកំលោះ ទាំងពោះម៉ាយ ដោយពួកគាត់ប្រាប់ខ្ញុំថា ខ្ញុំជាមនុស្ស មានចរិតរួសរាយ រាក់ទាក់ចូលចិត្ត និយាយលេងច្រើន ហើយមានកំលោះខ្លះ ចង់ចូលស្តីដណ្តឹងខ្ញុំ ទៅតាមប្រពៃណីខ្មែរ ថែមទៀតផង.. ” ។

បើទោះបីជា មានការតាមសុំស្នេហ៍ ពីបុរសអាណិកជនខ្មែរ រស់នៅអូស្ត្រាលី ជាអ្នកសម្បូរទ្រព្យ យ៉ាងណាក៏ដោយ តារាចម្រៀងរូបនេះ បានបញ្ជាក់ថា “ខ្ញុំនៅក្មេងមិនទាន់ចង់យកខ្លួន ទៅពាក់ព័ន្ធរឿងស្នេហាទេ ហើយខ្ញុំក៏សុំទោសពួកគាត់ ទាំងអស់គ្នា ដែលតាមស្រលាញ់ខ្ញុំ ព្រោះពេលនេះ ខ្ញុំចង់យកពេល កសាងកេរ្តិ៍ឈ្មោះ ខំរកលុយជួយគ្រួសារខ្ញុំ។ និយាយបែបនេះ មិនមែន មានន័យថា ខ្ញុំបិទបេះដូង មិនទទួលស្នេហាទេ គ្រាន់តែថាមិនទាន់ដល់ពេល.. ” ។

ចំណែកការងារក្នុងស្រុក ក្រោយពីនាងត្រឡប់ មកពីសម្តែង នៅក្រៅប្រទេសវិញ នាងបានត្អូញត្អែរថា មិនសូវមានការងារធ្វើប៉ុន្មានទេ ព្រោះថា ខែនេះជារដូវភ្លៀង ស្ងាត់ខនសឺត ។ សម្រាប់គម្រោង ក្នុងការចេញទៅ ក្រៅប្រទេសនោះ នាងនៅមិនទាន់មានពន្លឺទេ គ្រាន់តែនាងដឹងថា មានខាង Sponsor នៅអូស្ត្រាលី មានគម្រោងចង់ឲ្យនាងចេញ ទៅសម្តែងនៅលើ ទឹកដីនោះម្តងទៀត នៅក្នុងខែមេសា ឆ្នាំ២០១៤ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា