កំពត ៖ ស្រ្តីជាឃាតក ឈាមស្រែកស្បែកហៅ ត្រូវបានកម្លាំងការិយាល័យ កណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត សហការជាមួយ កម្លាំងនគរបាលក្រុងកំពត ដែលដឹកនាំកម្លាំងដោយ លោកឧត្តម សេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរងខេត្ត ហើយដោយមានការចង្អុលបង្ហាញ ពីលោកស្នងការផងនោះ គឺកម្លាំងខាងលើ បានចុះទៅធ្វើការ ឃាត់ខ្លួនស្រ្តី ជាជនសង្ស័យម្នាក់ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០១៣ នៅចំណុចផ្ទះមិត្តភ័ក្តិរបស់ជនសង្ស័យ ស្ថិតក្នុងភូមិវាលត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ។

នគរបាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា ស្រ្តីជាជនសង្ស័យមានឈ្មោះ ក្រិច ធឿន ហៅ ចេក ធៀន អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ បច្ចុប្បន្នស្នាក់នៅក៏មិនពិតប្រាកដដែរ ។ មានស្រុកកំណើតរស់នៅភូមិ វាលស្បូវ ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរងខេត្ត ទទួលបន្ទុកប្រធានការិយាល័យ កណ្តាលនគរបាល ព្រហ្មទណ្ឌ បានឲ្យ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ក្រោយពីធ្វើការចាប់ខ្លួនដើម្បីមកសាកសួរនៅឯ ស្នងការដ្ឋានរួចមក ស្រ្តីជាជនសង្ស័យរូបនេះ ក៏បានសារភាពថា ខ្លួនពិតជាបានសម្លាប់ស្រ្តីរងគ្រោះឈ្មោះ សៀង ចាន់ណាក់ អាយុ ៣០ឆ្នាំ ពិតប្រាកដមែន ដោយធ្វើសកម្មភាព យកកូនកាំបិតចិតបន្លែចាក់ពោះ ឆ្កឹះ ពោះវៀនចេញ និងចាក់សុះសាច់ លើដងខ្លួនថែមទៀតផង ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បន្តទៀតថា បច្ចុប្បន្នស្រ្តីជាឃាតកដោយសារមានជំងឺ គឺបានអនុញ្ញាតឲ្យទៅ សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តកំពត ដោយមានការយាមកាបយ៉ាងតឹងរឹងបំផុត ខណៈជំងឺធូ ស្បើយហើយ គឺនឹងចាត់ការទៅតាមនីតិវិធីច្បាប់ ។

គួរបញ្ជាក់ផងដែរថា ស្រ្តីរងគ្រោះឈ្មោះ សៀង ចាន់ណាក់ អាយុ ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទ្វីរខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត ត្រូវបានឃាតកឈ្មោះ ក្រិច ធឿន ហៅ ចេក ធៀន ចាក់សម្លាប់ជាង ១០កាំបិត ស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក របស់ផ្ទះស្រ្តីរងគ្រោះខាងលើ កាលពីចន្លោះវេលាម៉ោង ៥ ទៅ ម៉ោង ៦ល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្ទះស្រ្តី រងគ្រោះខាងលើ ។ ក្រោយពីសម្លាប់បាន សម្រេចហើយ ក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង ទើបនៅវេលាថ្ងៃនេះទេ ឈានទៅចាប់ខ្លួន បានក្រោយពីមានការ ស៊ើបអង្កេតយ៉ាងម៉ត់ចត់ ពីកម្លាំងសមត្ថកិច្ចរួចមក ។

បើតាមប្រភពពីស្រ្តី បម្រើការខារ៉ាអូខេ នៅក្នុងទឹកដីក្រុងកំពត បានឲ្យដឹងថា ស្រ្តីឃាតកមានឈ្មោះខាង លើ ធ្លាប់មានប្តីដើម និងកូន ២នាក់ ប៉ុន្តែ ប្តីដើមបានលែងលះគ្នានៅឯស្រុកកំណើត ក្រោយមក មកធ្វើជា ស្រីបម្រើខារ៉ាអូខេ នៅក្នុងទឹកដីក្រុងកំពត ហើយបាន យកបុរសម្នាក់កំបុតដៃទាំងពីរធ្វើជាប្តីអស់រយៈពេល ជាច្រើនឆ្នាំ ប៉ុន្តែក្នុងរយៈពេល ២ឆ្នាំមុន ប្តីកំបុតដៃនេះត្រូវបាននគរបាល ចាប់ខ្លួនដាក់ពន្ធនាគារខេត្ត ដោយសារជួញដូរគ្រឿងញៀន ។ ចាប់ពីប្តីកំបុតដៃជាប់គុកមក គឺជនសង្ស័យរូបនេះ នៅតែធ្វើការ បម្រើខារ៉ាអូខេ ដដែល ។ ៤ឆ្នាំមុនស្រ្តីឃាតកនេះធ្លាប់នគរបាលព្រហ្មទណ្ឌខេត្ត ធ្វើការចាប់ខ្លួនម្តងរួចមកហើយ ដោយ សារយកកូនកាំបិតចាក់ប៉ុនប៉ងសម្លាប់ នារីបម្រើខារ៉ាអូខេម្នាក់ ឈ្មោះ ថាវិន ចំឆ្អឹងខ្នងខាងក្រោយ ប៉ុន្តែ សំណាងហើយ នគរបាលបានដោះលែងមកវិញ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]