កណ្តាល ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយបាក់ជើង ម្ខាង ដោយសារមនុស្ស ស្រវឹងជោក បើករថយន្តបុក ទាំងកំរោល ខណៈជនរង គ្រោះ កំពុងអង្គុយលេងនៅ ក្រោមដើមឈើ លើចិញ្ចើម ថ្នល់ នៅចំណុចភូមិធំ ស្រុកកៀនស្វាយ កាលពីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ។

នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា រថយន្តបង្កម៉ាក កាមរីឆ្លាម ពណ៌ស្ករ ស៊េរី៩៨ ពាក់ស្លាកលេខ ភ្នំពេញ 2N-8367 បើកបរ ដោយបុរសម្នាក់ និងរួមដំណើរ ជាបុរសម្នាក់ទៀត បានបើកបរយ៉ាងលឿន ស្ថិតក្នុងស្ថានភាពស្រវឹងស្រា បណ្តាលឲ្យជ្រុលចង្កូត បុកចំបុរសម្នាក់ ដែលកំពុងអង្គុយនិយាយគ្នា លេងជាមួយ អ្នកផ្ញើរថយន្តនៅចំណុចកើតហេតុខាងលើ ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលបាក់ជើងក្នុងហេតុការណ៍អ្នកស្រវឹងចេញពីរមណីយដ្ឋានកៀនស្វាយក្រៅ ឈ្មោះ ព្រុំ សេងអេង ភេទប្រុស អាយុ៦០ឆ្នាំ មាន ទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ មានមុខរបរជាបុគ្គលិកការិយាល័យអប់រំយុវជន និងកីឡា ស្រុកកៀនស្វាយ ។ ដោយឡែកអ្នកបើកបររថយន្តបង្ក ឈ្មោះ ស្រី សុភា អាយុ២៦ឆ្នាំ ភេទប្រុស និងអ្នករួមដំណើរ ឈ្មោះ ឈ្មោះ សុខ ហ៊ួរ ភេទប្រុស អាយុ៤៦ឆ្នាំ ទាំងពីរនាក់មានទីលំនៅខណ្ឌមានជ័យ ។

ភ្លាមៗនោះ សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានរថយន្តសាមុយមកដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក និងអ្នកបើកបរ សមត្ថកិច្ចបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]