ភ្នំពេញៈ តារាចម្រៀងល្បីឈ្មោះគួរសម រូបស្រស់រាងតូចច្រឡឹង កញ្ញា សន នាងផល្លីកា ក្រោយពីបែកធ្លាយព័ត៌មានស្នេហា លួចលាក់ ជាមួយ វីជេ រតនា ក្នុងមួយរយៈពេលចុងក្រោយនេះ គេមិនសូវបាន ឃើញវត្តមានរបស់នាង នៅក្នុងសិល្បៈទេ ។ សូម្បីតែមានផលិតកម្ម និងខាងស្ថានីយទូរទស្សន៍ទាក់ទង ហៅនាងថតក៏នាង បដិសេធមិនទទួល ការងារទាំងនោះដែរ ដោយសារសង្សារ បណ្តូលចិត្តរបស់នាង មិនឲ្យបន្តអាជីពមួយនេះ ។

បើតាមប្រភពពីអ្នកសិល្បៈ និងជាមិត្តជិតដិត របស់តារាចម្រៀងស្រីស្អាត កញ្ញា សន នាងផល្លីកា សុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ឲ្យដឹងថា ចាប់តាំងពីនាង និងសង្សារ គឺលោក រតនា សម្រេចចិត្តបើកចំហររឿងស្នេហា រួចមកគេសង្កេតឃើញថា តារាចម្រៀងស្រី កញ្ញា ផល្លីកា ហាក់ចាប់ផ្តើម ឃ្លាតឆ្ងាយពីការងារ សិល្បៈម្តងបន្តិចៗ។ រហូតមកដល់ពេលនេះ នាងមិនទទួល ការងារសិល្បៈទេ ព្រោះមិនចង់មាន ព័ត៌មានចុះផ្សាយ ពីរឿងជីវិតគូរបស់ពួកនាង បើនាងនៅស្ងប់ៗបែបនេះ និងមិនធ្វើឲ្យ អ្នកកាសែតចាប់អារម្មណ៍ ។

ប្រភពខាងលើ បានបង្ហើបប្រាប់ទៀតថា ទំនាក់ទំនងស្នេហារបស់ ផល្លីកា និងលោក រតនា គឺផ្តើមឡើងយូរគួរសមហើយ គ្រាន់តែពួកគេ មិនចង់បើកចំហរព្រោះ អ្នកណាៗ ក៏ដឹងដែលថា ជីវិតអ្នកសិល្បៈនៅពេលមាន ព័ត៌មានចាប់អារម្មណ៍អ្វីមួយ តែងតែមាន សារព័ត៌មានចុះផ្សាយ។ ហេតុដូច្នេះហើយទើប គូសង្សារមួយគូនេះ ចង់បញ្ចប់ព័ត៌មាន ទើបមិនសូវអើពើ និងការងារលេចមុខ លេចមាត់ច្រើន ហើយពេលនេះ ផល្លីកា បានសម្រេចចិត្ត ឈប់ពីផលិតកម្ម Big Man ហើយ ។

កញ្ញា ផល្លីកា បានប្រាប់ LookingTODAY កាលពីពេលថ្មីៗកន្លងទៅ តាមទូរស័ព្ទថា នាងទទួលស្គាល់ ថាពិតជាបានដើរចេញ ពីផលិតកម្ម ចាស់មែន។ តែមិនមែនដោយសាររឿងស្នេហ៍ ដូចការលេចឮ ពីប្រភពខាងលើទេ ការផ្អាកពីការងារសិល្បៈ នេះមិនមែនឈប់រហូតទេ គ្រាន់តែផ្អាកមួយ រយៈពេលខ្លីប៉ុណ្ណោះ។

តារាចម្រៀងវ័យជាង២០ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា “ ខ្ញុំទទួលស្គាល់ ថាប៉ុន្មានខែចុងក្រោយនេះ ខ្ញុំមិនបានទទួលការងារទេ ព្រោះថា ខ្ញុំមានអារម្មណ៍ហត់នឿយ ចង់ទុកពេលសម្រាកខ្លះ។ ម្យ៉ាងវិញទៀតខ្ញុំចេញ ពីផលិតកម្មចាស់ មិនទាន់ដឹងថា ត្រូវចូលទៅផលិតកម្មណានោះទេ កំពុងតែសម្លឹងមើល៍..!”។

ជាមួយគ្នានោះ ស្រីស្រស់រាងតូចច្រឡឹង កញ្ញា ផល្លីកា បានប្រាប់ដោយ សម្តីមិនពេញចិត្តថា “ ចំណែកការលើកឡើងថា ខ្ញុំត្រូវសង្សារឲ្យឈប់ ពីសិល្បៈនោះ មិនមែនជាការពិតទេ ខ្ញុំទាំងពីរនាក់ស្រឡាញ់គ្នា ដឹងឮដល់ចាស់ទុំ ទាំងសងខាង គ្មានអីត្រូវខ្លាចរអាអ្វីឡើយ ព្រោះពួកខ្ញុំមិនបាន ធ្វើអ្វីឲ្យហួសប្រពៃណីទេ”។

បើទោះបីជាអតីត តារាចម្រៀងប្រចាំ ផលិតកម្ម Big Man កញ្ញា សន នាងផល្លីកា បានបង្ហើបប្រាប់ថា នាងបានសម្រេចចិត្តដើរចេញ ពីផលិតកម្មនេះក៏ដោយ តែនាងមិនបានបញ្ជាក់ពី មូលហេតុច្បាស់លាស់ ណាមួយនោះទេ ដោយនាងគ្រាន់ តែប្រាប់យ៉ាងខ្លីថា នៅក្នុងខែវិច្ឆិកា ខាងមុខនេះ នាងនឹងវិលមកចាប់អាជីពចម្រៀង សារជាថ្មីនៅក្នុងផលិតកម្មថ្មី ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ រតនា