រាជធានីភ្នំពេញ ៖ ក្រុមសាច់ញាតិរបស់តារាសម្តែង ស្វែង សុជាតា បង្ហើបឱ្យដឹងថា នាងបានចាកចេញទៅប្រទេសថៃ កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៣ ដើម្បីពិភាក្សាជាមួយគ្រូពេទ្យ ទាក់ទិនជំងឺដុះសាច់ក្នុងខួរក្បាល ។ កន្លងមកនាងស្វែង សុជាតា មិនដែលព្រួយបារម្ភទេ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះចេះ តែឈឺក្បាលទំនងមកពីជំងឺនោះធ្វើទុក្ខ ។

អ្នកគាំទ្របានសម្តែងការព្រួយ បារម្ភនៅពេលដឹងថា តារាសម្តែងដែលតែងតែផ្តល់ស្នាមញញឹម ពេលឡើងឆាកគ្រប់លើកនោះ បែរជាជំងឺធ្វើទុក្ខបុកម្នេញ តែកន្លងមកសាមីខ្លួនមិនដែលបញ្ជាក់ឱ្យដឹងម្តងណាទេ ។ ក្រុមអ្នកគាំទ្រនាងស្វែង សុជាតា បានបន់ស្រន់ឱ្យនាងបានធូរស្បើយពីជំងឺ ។

យោងតាមការអះអាងពីអ្នកជិត ដិតជាមួយនាងស្វែង សុជាតា កាលពីពេល ថ្មីៗនេះថា នាងចេញទៅព្យាបាលនៅប្រទេសថៃ១សប្តាហ៍ គិតតាំងពីថ្ងៃទី១៧ កញ្ញាមក ។ នាងចាកចេញទៅយ៉ាងប្រញាប់ ប្រញាល់បែបនេះ ដោយសារតែបារម្ភខ្លាចទៅជាធ្ងន់ ។ កាលពីមួយរយៈមុននាងដឹងថា ជំងឺក្បាលរបស់នាងកើតមានដែរ តែអត់មានអាការដូចឥឡូវនេះទេ ។ ពេលនេះមានបញ្ហាដោយសារតែ នាងលេបថ្នាំឥតទៀងទាត់តាមវេជ្ជបញ្ជា ។ ពេលជំងឺធ្វើទុក្ខត្រូវគ្រូពេទ្យប្រាប់ឱ្យ ចេញទៅព្យាបាលបន្ទាន់ កុំទុកយូរឱ្យហួសពេល ព្រោះសាច់ដែលដុះនៅក្នុងខួរក្បាលនៅតូច អាចលេបថ្នាំការពារ ឬលេបថ្នាំឱ្យរួញបាន ។ ម៉្លោះហើយទើបនាងសុជាតា ដែលមុននេះប្រហែសដែរ ភ្ញាក់ខ្លួនខ្ញាក ហើយប្រញាប់រួសរាន់ទៅថៃភ្លាម ដើម្បីឱ្យទាន់ពេល ។ ម៉្យាងទៀតនាងមិនចង់ឱ្យជំងឺយាយីជីវិតឡើយ ពិសេសការងារសព្វថ្ងៃដែលកំពុងកាក់កប ។

នាងស្វែង សុជាតា ទើបតែទទួលបានពានអាណាចក្រតារាផ្នែក តារាឆ្នាសឆ្នើមកាលពីពេល ថ្មីៗនេះ ។ បើពិនិត្យទៅលើអាជីពសិល្បៈ របស់នាងសុជាតា កាក់កបគ្រាន់បើ។ ផ្ទុយទៅវិញ បើក្រឡេកមើលពីជីវិតក្រៅសិល្បៈវិញ នាងអភ័ព្វ ដោយសារតែបែកបាក់ស្វាមី ដូច្នេះត្រូវរ៉ាប់រងចិញ្ចឹម កូនៗ ។

លើសពីនេះ នាងរបួសដៃដោយសារការបាញ់ ប្រហារនៅឯខេត្តសៀមរាប ហើយទើបតែដកឆ្អឹងដែកចេញកាលពីពេល ថ្មីៗនេះ ។ មួយរយៈចុងក្រោយនេះ សុជាតា ជួបបញ្ហាស្នេហាជូរចត់បែកបាក់គ្នាជាលើកទី២ ។ បន្ទាប់មកនាងទើបតែបាត់បង់ឪពុកជាទីស្រឡាញ់ ។ ថ្វីបើជីវិតផ្ទាល់ខ្លួនហាក់ស្រពោន តែជីវិតសិល្បៈរបស់ស្វែង សុជាតា រះភ្លឺចិញ្ចាច ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]