ខេត្តសៀមរាប ៖ បុរសខ្ទើយម្នាក់ដែលតែងខ្លួនជាស្រីបានលូកហោប៉ៅជនបរទេសនៅ តាមផ្លូវសាធារណៈក្បែរផ្សារទំនើបមីនីម៉ាត ស្ថិតនៅក្រុមទី៥ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៦ មេសា ។
លោកអនុសេនីយ៍ត្រីឆឹង សុភា នាយប៉ុស្តិ៍រដ្ឋបាល ស្វាយដង្គំ ប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា ជនសង្ស័យនោះឈ្មោះណាក់ ណយ ហៅជឺ អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ មុខរបរមិនពិតប្រាកដ ។ ជនស៊ីម២នោះ សារភាពថា កាលពីវេលាទៀបភ្លឺពួកគេ៤នាក់ តែងខ្លួនជាស្រីដើរលេងនៅតាមផ្លូវមុខក្លឹបអុិចបារ ឃើញជនជាតិអាល្លឺម៉ង់ម្នាក់ ដើរតែម្នាក់ឯង ក៏ទៅនិយាយលេង ព្រមទាំងឱបពីមុខពីក្រោយ ឆ្លៀតឱកាសលូកហោប៉ៅខោយកលុយបានចំនួន១៨០ដុល្លារ។ បុរសអាល្លឺម៉ង់នោះឈ្មោះ ANDREAS LETZELTER អាយុ២៤ឆ្នាំ ជាភ្ញៀវទេសចរ ស្នាក់នៅផ្ទះសំណាក់ប៊ុន សេដា បន្ទប់លេខ៤០១ ក្នុងក្រុមទី៥ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ការលូកហោប៉ៅនេះ ពេលជនបរទេសរូបនោះកំពុងដើរចេញពីផ្សារទំនើបមីនីម៉ាត ត្រឡប់ទៅផ្ទះសំណាក់វិញ ។
ជនជាតិអាល្លឺម៉ងនោះបាននាំសមត្ថកិច្ចនគរបាល តាមរកជនល្មើសធ្វើឱ្យពួកគេនាំគ្នារត់គេច តែនៅសល់ម្នាក់រត់មិនរួចក៏ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ស្វាយដង្គំចាប់បាន។ ចំណែកបក្សពួក៣នាក់ទៀតដែលរត់រួច១-ឈ្មោះមី ចាម ២-ឈ្មោះរ័ត្ន និង៣-ឈ្មោះចាន់ រតនា ហៅកន្ទុយបី អាយុ២០ឆ្នាំ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយដង្គំកំពុងកសាង សំណុំរឿងបញ្ជូនជនសង្ស័យស៊ីម២ទៅកាន់ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសួរនាំបន្តទៅតាមនីតិវិធី ចំណែកបក្សពួកគេ៣នាក់ទៀតកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួន ៕
ដោយ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]