ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់រងរបួសធ្ងន់និង៤នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៧ មេសា នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានស្វាយទង ភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ គ្រោះថ្នាក់នោះ គឺរថយន្តមួយគ្រឿងបុកគូទរ៉ឺម៉កពីក្រោយ ហើយជ្រុលទៅបុកកង់អ្នកដំណើរមួយគ្រឿងទៀត ។
មន្ត្រីប៉ូលិសចរាចរខេត្តកំពង់ឆ្នាំង និយាយថា ជនរងរបួសធ្ងន់ ១-ឈ្មោះ ម៉េង មឿន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិគោកបន្ទាយ និង២-ឈ្មោះយុង ធី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ ចំណែក៤នាក់ទៀត មានអ្នកជិះរ៉ឺម៉ក អ្នកបើករឺុម៉ក និងអ្នកជិះកង់របួសស្រាល ។
ប្រភពដដែលបន្តថា រ៉ឺម៉កម៉ូតូបើកពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិ លុះមកដល់ចំណុចកើតហេតុត្រូវរថយន្តដឹកស្រាបៀរមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះពីរតោនកន្លះ បើកបុក និងកៀរពីក្រោយបណ្តាលឱ្យក្រឡាប់ធ្លាក់ចេញពីថ្នល់ ជាតិ ។ បន្ទាប់មករថយន្តជ្រុលទៅបុកអ្នកជិះកង់មួយគ្រឿងទៀត បណ្តាលឱ្យដួលរបួសស្រាល ។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបានព្យាយាមបើកគេច ប៉ុន្តែដោយគេចមិនរួចក៏ឈប់ទុករថយន្តចោលនៅភូមិចំ ការតាមៅ៉ ដែលឆ្ងាយពីកន្លែងកើតហេតុជិត១០គីឡូម៉ែត្រ រួចរត់គេចខ្លួនបាត់ ។
មន្ត្រីប៉ូលិសបន្តថា រថយន្តដឹកស្រាបៀរនោះ គឺជាងជួសជុលជាអ្នកបើកបង្កគ្រោះថ្នាក់ ។ នៅថ្ងៃទី២៦ មេសា ម្ចាស់បានយករថយន្តទៅទុកឱ្យជាងជួសជុល ។ លុះជួសជុលហើយនៅល្ងាចថ្ងៃដដែលកូនជាងឈ្មោះភី ដែលត្រូវទៅសម្រាកនៅផ្ទះក្នុងភូមិទឹកហូត ឃុំទឹកហូត អត់អីជិះក៏បើករថយន្តនោះទៅផ្ទះដេកមួយយប់ស្អែកឡើង ទើបបើកត្រឡប់មកវិញ ហើយបង្កគ្រោះថ្នាក់តែម្តង ។
ប៉ូលិស បានយករថយន្ត រឺុម៉កម៉ូតូ និងកង់ ទៅរក្សាទុកនៅការិយាល័យប៉ូលិសចរាចរផ្លូវគោក ដើម្បីដោះស្រាយ ៕
ដោយ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]