ខេត្តកំពង់ឆ្នាំង៖ រថយន្តធុនធំ២គ្រឿង បានបើកបុកគ្នាពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឱ្យអ្នកបើកបររថយន្តទាំង២ ស្លាប់កៀបជាប់ក្នុងកាប៊ីនរថយន្ត ចំណែកព្រូរថយន្តទាំងសងខាង ២នាក់រងរបួសធ្ងន់ដូចគ្នា។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី២៣ កញ្ញា ២០១៣ នៅលើផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូម៉េត្រលេខ៣៣ និង៣៤ នៅចំណុចខ្លាត្រាំ ក្នុងភូមិសំវរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចនគរបាល ដែលចុះពិនិត្យកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ស្លាកលេខកំពង់ឆ្នាំង៣A-២០៧៧ ជារថយន្តដឹកត្រី ចំណែករថយន្ត១គ្រឿងទៀត ជារថយន្តបែនដឹកដីពេញពណ៌ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ៣A-១៧៩៥។ ចំណែកអ្នកបើកបររថយន្ត និងព្រូមិនត្រូវបានស្គាល់អត្តសញ្ញាណទេ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្នុងពេលកើតហេតុមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយចំណុចកើតហេតុជាផ្លូវកោង ពេលរថយន្តហ៊ីយ៉ាន់ដាយបើកលឿនជែងរថយន្តមួយគ្រឿងទៀតក៏ជ្រុលចង្កូតទៅបុករថយន្តបែនដឹកដីពេញទំហឹងតែម្តងទើបបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយរថយន្តទាំង២ខូចខាតក្បាលរថយន្តខ្ទេចទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចបានសម្រួលចរាចរណ៍ និងបានគាស់យកអ្នកស្លាប់ ចេញពីកាប៊ីនរថយន្ត ហើយរក្សាទុកជូនក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួសទាំង២នាក់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកឧត្តុង្គ តែដោយរបួសធ្ងន់ពេកគ្រូពេទ្យបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្រុងភ្នំពេញបន្តទៀត។













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]