​​ខេត្ត​ស្ទឹង​​ត្រែង ៖ កាលពីវេលាម៉ោង៦​និង​៣០នាទីល្ងាចថ្ងៃទី២៦ មេសា នៅភូមិហាង​ខូ​សួន សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ប្រជា​​ពល​មានការភ្ញាក់ផ្អើលដោយសារទាហាប្រមឹកម្នា​ក់​បាន​ ប្រើអំពើហិង្សាវាយប្រពន្ធកូន និង​ដុត​ផ្ទះ​របស់ខ្លួនឯងចោលឱ្យ​ឆេះគ្មានសល់​ ។

ប្រភព​ព័ត៌មានបានឱ្យដឹងថា​ ទាហាន​ប្រមឹកម្នាក់​នោះ​ឈ្មោះដន ខាំអន អាយុ៣៩ឆ្នាំ ជាឋានៈពលបាលឯក បម្រើ​ការងារ​នៅក្នុង​អង្គភាព​សាលាពលទាហានទី១ចំណុះយោធ​ភូមិ​ភាគទី១ ។ នៅពេលស្រវឹងស្រា​បាន​វាយ​​ទៅ​លើ​ប្រពន្ធ កូនរបស់ខ្លួនវ័យ១៧ឆ្នាំ បន្ទាប់​ម​ក​ដុត​ផ្ទះ​រ​បស់ខ្លួនចោល ​ចំណែក​ប្រពន្ធ​កូន​បានត្រឹមតែ​ឈរមើលផ្ទះ​របស់​ខ្លួន​ដែលក្លាយ​ជា​ចំណី​​ ព្រះ​អគ្គី​​​ដោយ​ក្តី​រន្ធត់ ។
អ្នកភូមិបានឱ្យដឹងថា បុរស​ដែល​ប្រើ​អំពើ​ហិង្សារហូតដុតផ្ទះរបស់ខ្លួននេះ មាន​ប្រពន្ធ​ឈ្មោះស៊ឹម លក្ខណា អាយុ៤០ឆ្នាំ​ កូន​ប្រុស​២នាក់ និងស្រី៦នាក់នៅក្នុងបន្ទុក កូន​ប្រុស​ច្បង​មានអាយុ១៩ឆ្នាំ និងកូនស្រីពៅមានអាយុ៣ឆ្នាំ។

ប្រភពពីសាច់​ញាតិ​បានឱ្យ​ដឹងថា ជារៀង​រាល់ថ្ងៃ​គេតែង​សង្កេតឃើញបុរស​ជាប្តី​ផឹក​​ស្រា​ស្រវឹងដាប​ហើយបានបង្ក ​ទំនាស់​​ជា​​​​​​មួយ​ក្រុម​​គ្រួសារ​ដេញ​វាយប្រពន្ធ និងកូន​ស្ទើរ​រាល់​ថ្ងៃ​គ្មាន​លស់ពេល​ឡើយ ។ នៅ​ថ្ងៃកើតហេតុ គេឃើញ​ឈ្មោះ​ដន ខាំអន ផឹក​ស្រា​ស្រវឹងស្រែកឡូឡា ជេរ​​បញ្ចោរ​​​​​រួចទាញ​ដំបង​​​ឈើដេញ​វាយ​កូន​ស្រីច្បង​ទី២ឈ្មោះដន ណយ ត្រូវជា​ច្រើន​​​​ដំបង​។

នាងព្រមទាំងបងប្អូនទាំង៧នាក់ និង​ម្តាយ​បាន​រត់​​ចេញពីផ្ទះ បន្ទាប់​មក​គេ​ឃើញផ្ទះ​របស់​គ្រួសារ​​​ខាងលើនេះ​​ឆេះសន្ធោសន្ធៅឡើង ដោយ​គ្មាននរណា​អាចពន្លត់ទាន់ធ្វើ​ឱ្យ​ផ្ទះដែល​មាន​ទំហំ​ទទឹង​​៥ម៉ែត្រ ​​​បណ្តោយ​៨ម៉ែត្រ សង់​ផុត​ពី​ដី​ប្រមាណ៣​ម៉ែត្រ​​នោះ​ឆេះអស់​គ្មាន​​​​សល់ នៅ​តែគំនរផេះផង់ធ្វើឱ្យប្រពន្ធ និងកូនប្រុសស្រី​​ចំនួន​​៨នាក់សល់​តែខោ​អាវមួយ​ចង្កេះក្រហាយទឹក ​ដោយ​ក្តី​ស្តាយ​របស់​ទ្រព្យ​ ។

ក្រោយកើតហេតុ កម្លាំង​យោធា បាន​នាំទាហា​ន​​ប្រមឹក​​ម្នាក់​នោះ​ទៅ​កាន់​អង្គ​ភាព​សា​លា​​​ពល​ទាហាន​ ទី១ដើម្បីធ្វើការដោះស្រាយ ចំណែក​ស្រ្តីជាភរិយាត្រូវបានកម្លាំង​កង​រាជ​អាវុធហត្ថក្រុងស្ទឹង​ត្រែង នាំ​មកសាកសួរជុំ​វិញ​ករណី​ខាងលើ ដោយ​សម្លើយ​កសាង​​សំណុំ​រឿង​បញ្ជូនទៅតុលាការ។ ចំពោះ​ជនបង្ក​ គឺ​ស្ថិត​នៅ​​ក្នុង​សាលា​ពល​ទាហានមិនទាន់​ដឹងថា គេ​អនុវត្ត​តាម​​នីតិ​វិធីណា​នោះ​ទេ៕

ដោយ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]