ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានជិះម៉ូតូស្តូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BP-3036 មកឈប់នៅចំណុចខាងជើងខារ៉ាអូខេ អិច អូរ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវ១៦៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធ មានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី មួយដើម ជិះម៉ូតូឃ្លីកមួយគ្រឿងមកឈប់ក្បែរនារីរូបនោះ រួចធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូជិះទៅបាត់ ដោយសុវត្ថិភាព កាលពីវេលាម៉ោង ២២ និង ៣០ នាទីយប់ថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០១៣ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ស្រីដា ភេទស្រី អាយុ ២២ ឆ្នាំ ស្នាក់នៅជិតចំណុច កើតហេតុ ចំណែកសង្សាររបស់នាង ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដែរ ។

នារីរង គ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបនាង បានជិះម៉ូតូស្តុបពី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BB-3036 មកឈប់ត្រង់ចំណុចកើតហេតុ ដើម្បីរង់ចាំសង្សារប្រុសម្នាក់ ប៉ុន្តែខណៈនាង កំពុងអង្គុយលើម៉ូតូ និយាយទូរស័ព្ទស្រាប់តែលេចមុខ ជនសង្ស័យចំនួន  ២ នាក់ជិះម៉ូតូឃ្លីក ១គ្រឿងមកឈប់ក្បែរនាង រួចដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកពីចង្កេះមកភ្ជង់ គំរាមកុំឲ្យនារីរូបនោះ ស្រែករួចប្លន់យកម៉ូតូស្តុបពី ជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ភ្លាមៗនោះគឺ មានការភ្ញាក់ផ្អើលដល់ នគរបាលមូល ដ្ឋានប៉ុស្តិ៍ បឹងកេងកងទី ៣ បានចុះមកអន្តរាគមន៍ នឹងបាននាំ នារីរងគ្រោះទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីធ្វើ កំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ។

នៅចំពោះមុខ សមត្ថកិច្ចនារីរងគ្រោះ បាននិយាយទាំងទឹកមុខ មិនសប្បាយចិត្តនិងមិនចង់ផ្តល់ព័ត៌មានឲ្យ សមត្ថ កិច្ចឡើយ ព្រោះដោយនាងគិតថា ការប្តឹងផ្តល់ខាងលើនេះ វាគ្មានសង្ឃឹម ក្នុងការស្រាវជ្រាវ តាមចាប់ក្រុមចោរ ប្លន់យកមកផ្តន្ទាទោស គឺបានត្រឹមតែខាតបង់ពេលវេលា ជាមួយសមត្ថកិច្ចតែប៉ុណ្តោះ។ បើទោះបីជាយ៉ាងណា សមត្ថកិច្ចនៅតែព្យាយាមបន្តសួរនារីរងគ្រោះ ដើម្បីចង់ដឹងព័ត៌មាន ច្បាស់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធនេះ ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]