រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេប្រទះឃើញសពបុរស ម្នាក់នៅក្នុងទឹកស្រែមួយកន្លែងដោយមាន ស្នាមរបួសក្បាលដោយការកាប់នឹងពូថៅជាច្រើនកន្លែង ។ តាមការសន្និដ្ឋានជំហានដំបូងគេសង្ស័យថា បុរសនេះស្លាប់ដោយសារអំពើឃាតកម្ម ។ 
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបានកើតឡើង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៣ កញ្ញា នៅក្នុងទឹកស្រែ ស្ថិតនៅក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ។

សពបុរសម្នាក់នេះត្រូវបានគេស្គាល់ អត្តសញ្ញាណថាឈ្មោះទេព សយ អាយុ៥៥ឆ្នាំ ស្នាក់នៅខាងក្រោយផ្សារសាមគ្គី ខណ្ឌទួលគោក មានមុខរបររត់ម៉ូតូឌុប ហើយពេលនេះក៏បានបាត់បង់ម៉ូតូ មួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ  មិនស្គាល់ស្លាកលេខដែរ ។ សពត្រូវបានឃាតករមិនស្គាល់មុខកាប់ប្រហារជាច្រើនពូថៅ បន្ទាប់មកបានអូសទម្លាក់ចូលទៅក្នុងទឹកស្រែក្បែរផ្លូវលំ ។ នៅកន្លែងកើតហេតុគេឃើញមានបន្សល់ ទុកពូថៅ១ដែលរបូតផ្លែចេញពីដង មួកកន្ដឹប១ អាវ១ ព្រមទាំងស្បែកជើងបាតា ពណ៌ស ១សម្រាប់ផងដែរ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលមានការភ្ញាក់ផ្អើលឆោឡោ មានប្រជាពលរដ្ឋធ្វើដំណើរទៅដកស្ទូងនៅវាលស្រែត្រង់ចំណុចខាងលើ ហើយប្រទះឃើញសពបុរសរូបនោះនៅក្នុងទឹកស្រែ ដោយនៅក្បាលមានស្នាមរបួសជាច្រើនកន្លែង ។ ក្រោយពេលឃើញបែបនេះ កសិករម្នាក់នោះបានរត់ទៅប្រាប់អ្នកភូមិឱ្យដឹង និងផ្ដល់ព័ត៌មានដល់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះពិនិត្យនិងធ្វើកោសល្យវិច័យភ្លាមៗ ។

នៅពេលនោះ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ជនរងគ្រោះត្រូវចោរហៅឱ្យឌុបនាំយកទៅប្លន់សម្លាប់យកម៉ូតូ ឯឃាតករបានកាប់ប្រហារជនរងគ្រោះ រហូតដល់ពូថៅរបូតចេញពីដង ។ តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឱ្យសមត្ថកិច្ចដឹងថា ជនរងគ្រោះមានមុខរបររត់ម៉ូតូឌុបនៅម្ដុំផ្សារ៧មករា ខណ្ឌទួលគោក ដោយរត់ទាំងយប់ទាំងថ្ងៃ ហើយនៅយប់ថ្ងៃទី២២ កញ្ញា មិនឃើញគាត់ត្រឡប់មកផ្ទះវិញទេ ។ 
ពេលនោះក្រុមគ្រួសារមិនបានដឹងថា គាត់មានគ្រោះថ្នាក់ដល់ស្លាប់បាត់បង់ជីវិត បែបនេះឡើយគឺនឹកស្មានថាគាត់រវល់រត់ឌុប លុះដល់ព្រឹកឡើងទើបទទួលបានដំណឹងថា មានគេប្រទះឃើញសពក៏នាំគ្នាទៅមើលហើយស្គាល់ ឯម៉ូតូរបស់គាត់មិនឃើញឡើយគឺត្រូវចោរប្លន់យកទៅបាត់ ។ ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីវែកមុខចាប់ខ្លួន ក្រុមឃាតករដែលជាចោរប្លន់ទាំងនោះហើយ ប៉ុន្តែពុំដឹងថាតើរកឃើញ ឬមិន
ឃើញនោះឡើយ ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]