ស្ទឹងត្រែង ៖ ក្រុមក្មេងស្ទាវចំនួន ៣នាក់ បានជិះម៉ូតូ មកធ្វើសកម្មភាពឆក់កាបូប ពីប្រជាពលរដ្ឋ តែដោយ អស់លក្ខណ៍ រត់មិនរួច ត្រូវប្រជាពលរដ្ឋ ព្រួតគ្នាតាមចាប់ បានម្នាក់ ប្រគល់ជូនសមត្ថកិច្ច ក្នុងភូមិលើ សង្កាត់ ស្រះឫស្សី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣  ។

ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ ជនរងគ្រោះឈ្មោះគឹម ហន និងប្រពន្ធឈ្មោះ គឹម លន់ រស់នៅក្នុងភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្ត ស្ទឹងត្រែង បានជិះម៉ូតូទៅលេងកូន នៅឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង តែពេល មកដល់ភូមិលើ ក្នុងសង្កាត់ស្រះឫស្សី ក៏មានម៉ូតូមួយគ្រឿងជិះគ្នា ៣នាក់ មកឆក់យកកាបូប និងខ្សែពីដៃ ប្រពន្ធជនរងគ្រោះ ដែលជិះពីក្រោយ ក៏ធ្វើសកម្មភាពគេចតែមិនសម្រេច ដោយសារជនរងគ្រោះ ស្រែកឲ្យ គេជួយ ហើយអ្នកនៅក្បែរនោះក៏ដេញតាមចាប់បានម្នាក់ភ្លាមៗដែរ និងចំណែក ២នាក់ទៀត បានរត់គេច ខ្លួន ។ ក្រោយមកកម្លាំង នៃទីបញ្ជាការអាវុធហត្ថខេត្ត ក៏តាមចាប់បានម្នាក់ទៀត យកទៅធ្វើការសាកសួរ ។                                            

ប្រភពពីទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបាននោះ ទី១ មានឈ្មោះ សៃ សុភា ហៅ ពៅ ញ៉ូង អាយុ ១៥ឆ្នាំ ជាសិស្សសាលា មានទីលំនៅភូមិរាជានុកូល សង្កាត់ -ក្រុង-ខេត្តស្ទឹងត្រែង ។ ទី២ឈ្មោះ សែន សេរីវណ្ណៈ អាយុ២០ឆ្នាំ រស់នៅភូមិលើ សង្កាត់-ក្រុង-ខេត្តស្ទឹង ត្រែង ។ រីឯជនសង្ស័យម្នាក់ទៀត ដែលរត់គេចខ្លួនរួចនោះ ត្រូវបានគេស្គាល់ឈ្មោះថា កែវ ពិសិដ្ឋ អាយុ ២០ឆ្នាំ មានទីលំនៅក្នុងភូមិថ្មរលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។ បច្ចុប្បន្នជនសង្ស័យឈ្មោះកែវ ពិសិដ្ឋ សមត្ថកិច្ច កំពុងតាមរកចាប់ខ្លួន ។ ចំណែកជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន នោះ ក៏កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីកាត់ទោសទៅតាមនីតិវិធីនៃច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]