ខេត្តព្រះសីហនុ ៖ បុរសស្រវឹងស្រាជោកជាំម្នាក់ បានធ្វើឲ្យអ្នកធ្វើដំណើរមានការភ្ញាក់ផ្អើល ហើយទូរស័ព្ទហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកចំការចេក និងសមត្ថកិច្ចប៉ូលិស មកកាន់កន្លែងកើតហេតុ ខណៈពេលគេបានឃើញបុរសម្នាក់នោះ ដេកស្តូកស្តឹងនៅក្នុងព្រៃស្បូវក្បែរផ្លូវបេតុងមួយកន្លែង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២១ កញ្ញា ២០១៣ ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។

តាមការឲ្យដឹងពីអ្នកបើកបរ រថយន្តសង្គ្រោះនិយាយថា បុរសខាងលើមានឈ្មោះ យឿន ស៊ី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករទូកនេសាទ បច្ចុប្បន្នស្នាក់នៅផែតាហាវ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មិនដឹងផឹកស្រាស្រវឹងជោកជាំមកពីណានោះទេ បានជិះម៉ូតូវ៉េវកញ្ជាស់ ១គ្រឿង  ផលិតនៅប្រទេសវៀតណាម មកដួលនៅកន្លែងកើតហេតុ ហើយពុំបានងើបទៅណានោះទេ គឺដេកស្តូកស្តឹងនៅនឹងកន្លែង ទើបបង្កឲ្យអ្នកធ្វើដំណើរមានភ្ញាក់ផ្អើលទូរស័ព្ទហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះ ។ ប៉ុន្តែ ខណៈពេលរថយន្តលោកមកដល់ ហើយបានចុះទៅពិនិត្យមើលជនរងគ្រោះ បុរសរងគ្រោះរូបនោះ បាននិយាយទាំងបង្អូសសម្លេងថា មកដាស់ខ្ញុំធ្វើអី ខ្ញុំកំពុងតែដេកលេងតើ មិនបាច់មកដឹកខ្ញុំទេ ។

ប្រភពដដែលបានបន្តថា ដោយមើលឃើញអាការៈស្រវឹងជោកជាំពុំអាចបើកម៉ូតូបាន សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ បានលើកបុរសស្រវឹងរូបនោះ ដាក់រថយន្តបញ្ជូនមកកាន់មន្ទីរពេទ្យព្យួរសេរ៉ូមឲ្យស្វាងស្រវឹង រីឯម៉ូតូត្រូវបានសមត្ថកិច្ចប៉ូលិសយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]