ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ បានបង្កគ្រោះថ្នាក់ចរាចរ ដោយសារតែស្ថានភាពស្រវឹង បានបើករថយន្តទៅបុករបាំងដែក បែងចែកទ្រូងផ្លូវ បណ្តាលឲ្យខូចខាតចំនួន ១៣ផ្ទាំង និងរលំចំនួន ៣ផ្ទាំង កាលពីវេលាម៉ោង ១និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ នៅខាងលិចស្ពានអាកាស ៧មករា លើមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

មន្ត្រីនគរបាលចរាចរណ៍ជើងគោក បានឲ្យដឹងថា អ្នកបើករថយន្តបង្កឈ្មោះ ឆេន សុផាណាគឹមហេង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ៦៩ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើករថយន្ត ម៉ាក TOYOTA CAMRY ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2U-7075 ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ អ្នកបើករថយន្តរូបនេះ បានធ្វើដំណើរតាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ពីទិសខាងកើតមកលិច លុះដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតមកបុកនឹង របាំងដែកបែងចែកទ្រូងផ្លូវតែម្តង បណ្តាលឲ្យរងការខូចខាត និងរលំចំនួន ១៦ផ្ទាំង ហើយរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

បើយោងតាម នាយរងការិយាល័យចរាចរណ៍ជើងគោក លោក ប៉ែន ឃុន បានថ្លែងឲ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះ បណ្តាលមកពីអ្នកបើករថយន្តមានជាតិស្រវឹង ហើយក្រោយការពិនិត្យជាតិអាល់កុល បង្ហាញថាមានចំនួន ០,៥៣មីលីក្រាម ក្នុង១លីត្រខ្យល់។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងផងដែរថា ក្រោយបង្កគ្រោះថ្នាក់ចរាចរបុករបាំងដែកបែងចែកទ្រូងផ្លូវរួចមក អ្នកបើករថយន្តបានបើកគេច រហូតដល់ផ្លូវលេខ ៣៣៧ កែងផ្លូវលេខ ៥៩៨ ហើយត្រូវសមត្ថកិច្ចចាប់បាននៅទីនោះ ។

លោក ប៉ែន ឃុន បានឲ្យដឹងទៀតថា បច្ចុប្បន្នកម្លាំងនគរបាលចរាចរណ៍របស់លោក បាននឹងកំពុងកសាងសំណុំរឿង បញ្ជូនអ្នកបើក រថយន្តរូបនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]