ខេត្តឧត្តរមានជ័យ ៖ មនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តម៉ាកកាមរីឆ្លាម បើកបុកគ្នាជាមួយម៉ូតូម៉ាកស្គូពីជិះគ្នា២នាក់ កើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២០ កញ្ញា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦៧B ស្ថិតក្នុងភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ។

ជនរងគ្រោះដែលអ្នកស្លាប់១-ឈ្មោះស៊ឺ ប៊ុនឡូ ភេទប្រុស អាយុ២៣ឆ្នាំ ជាជាងកាត់ដេរ និង២-ឈ្មោះអ៊ួន សុភ័ណ្ឌ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកប្តូរប្រាក់ ទាំង២នាក់ស្នាក់នៅក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ។

សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ2A 0467 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦៧B ទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូស្គូពី ពណ៌ស ជិះគ្នា២នាក់ គ្មានស្លាកលេខ បើកពីត្បូងទៅជើង បញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន ។

ប្រភពបន្តថា លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េចស្រាប់តែ រថយន្តនិងម៉ូតូបើកបុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តរេចង្កូតធ្លាក់ទៅខាងឆ្វេងដៃបោលចូលទៅពួនក្នុងគុម្ពោតព្រៃខ្ទេចមួយកំណាត់មុខ ចំណែកអ្នកជិះម៉ូតូ២នាក់ផ្លោងពីម៉ូតូជាង១០០ម៉ែត្រស្លាប់ភ្លាមមួយរំពេច ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]