បាត់ដំបង៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឃាត់ខ្លួនស្រ្តីម្នាក់ និងរឹបអូសបានម៉ាទឹកកក ១១ថង់តូច ស្មើនឹង ២,១២ក្រាម ក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង ១៦រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួល ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

លោកវរសេនីយ៍ត្រី ខៀវ ឈឿត នាយស្តីទីការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថាកាលពីវេលា ម៉ោង ១៦រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួល ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កម្លាំងយើងបានចុះ បង្រ្កាបករណីចែកចាយថ្នាំញៀន ក្នុងបទល្មើសជាក់ស្តែង ដោយបានឃាត់ខ្លួនស្រ្តីម្នាក់ និងឆែកឆេរ រកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន ១១ថង់តូច ស្មើនឹង២,១២ក្រាម និង សម្ភារៈមួយចំនួនទៀត នាំយកមកការិយាល័យជំនាញដើម្បីសួរនាំ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ រឿន ចាន់នី ហៅ សុខ ភេទស្រី អាយុ ៣៤ឆ្នាំ (មុខរបរលក់ចាប់ហួយក្នុងផ្ទះ) ស្នាក់នៅផ្ទះជួល ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនពីគេ យកមករំលែកលក់បន្តទៅអ្នកប្រើប្រាស់ គ្រាន់បានចំណេញ សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ព្រោះខ្លួនជាស្រ្តីមេម៉ាយ មានកូនតូចម្នាក់នៅជាមួយផង។ ខ្លួនទើបតែចាប់ផ្តើម រកស៊ីចែកថ្នាំញៀននេះ បានជិត ១ខែប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅតុលាកាខេត្ត នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ ដើម្បីចាត់ការតាមច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]