ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយឡែក បុរស ២នាក់ផ្សេងទៀត ក៏ត្រូវរងរបួសធ្ងន់ស្រាល ដោយសារពួកគេជិះម៉ូតូ ២គ្រឿង បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ២២ និង២០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មាន ពីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសម្នាក់ដែលស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ខាងលើមានឈ្មោះ សឿន ព្រំចិត្រ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាមន្រ្តីកងរាជអាវុធ ស្នាក់នៅផ្លូវលខ ៦១៦ ផ្លូវ លេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានជិះម៉ូតូធុនធំ ម៉ាក ប៉ាចារ ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-9319 ជិះធ្វើដំណើរតាមបណ្តោយផ្លូវ លេខ ២៧១ ក្នុងទិសដៅពីកើតទៅលិច ដោយបានជិះក្នុងល្បឿនលឿន វ៉ាជាមួយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បណ្តាលឲ្យរេចង្កូតទៅបុកជាមួយម៉ូតូស្មាស់ ពណ៌ខ្មៅ ពាក់ស្លាក លេខ កណ្តាល 1D-5814 ដែលកំពុងជិះឌុបគ្នា ៣នាក់ ធ្វើដំណើរតាមផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿនដូចគ្នា ទើបបណ្តាលឲ្យម៉ូតូទាំង ២គ្រឿង ដួលគរគ្នារងការខូចខាត និងបុរសម្នាក់ឈ្មោះ សឿន ព្រំចិត្រ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុចំណែក ៣នាក់ទៀត ត្រូវបញ្ជូនទៅសង្គ្រោះ ក្រោយពេលកើតហេតុភ្លាមៗ ប៉ុន្តែជាអកុសលពេលដឹកបញ្ជូន ទៅដល់មន្ទីរពេទ្យស្លាប់ម្នាក់ថែមទៀត ។

សមត្ថកិច្ចមូលដ្ឋានបានបន្តថា ហេតុការណ៍នេះ ត្រូវបាននគរបាលជំនាញ ចុះមកវាស់វែងអូសយកម៉ូតូទាំង ២គ្រឿង ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ។

ចំណែកសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ គ្រោះថ្នាក់បង្កឡើងដោយ ភាគីទាំង ២ ជិះម៉ូតូលឿនដូចគ្នា ហើយដល់ចំណុចកើតហេតុ ភាគីម៉ូតូធុនធំជិះវ៉ារថយន្ត ទើបរេចង្កូតបុកម៉ូតូស្មាស់ ទាំងកម្រោលតែម្តងទៅ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]