រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ១៦ផ្ទាំង ត្រូវបានបាក់រងការខូចខាត ខណៈដែលរថយន្តកាមរីបាឡែន ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-7075 បើកបរដោយបុរសស្រវឹងស្រាជោកជាំម្នាក់ និងមានអ្នករួមដំណើរប្រុសស្រី ៣នាក់ ទៀត ធ្វើដំណើរតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចមុខមន្ទីរពហុព្យាបាល និងសម្ភព សុខុមាល រថយន្តបានបើកវ៉ារថយន្ត RANGE ROVER ១គ្រឿង ស្រាប់តែជ្រុលចង្កូត ទៅបុករនាំងដែកចែកទ្រូងផ្លូវតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ កញ្ញា ២០១៣ នៅចំណុចមុខមន្ទីរពហុព្យាបាល និងសម្ភព សុខុមាល ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីបើកបុករនាំងដែកពុះចែកទ្រូងផ្លូវហើយ រថយន្តបង្កខាងលើបានព្យាយាមបើករត់គេច ទាំងរថយន្តបែកកង់មុខក្រោយមួយចំហៀង រហូតទៅដល់ផ្លូវលេខ៥៧០ កែងផ្លូវ៥៩៨ ទើបត្រូវសមត្ថកិច្ចប៉ូលិសចរាចរណ៍ ដែលតាមចាប់តាំងពីចំណុចកើតហេតុស្ទាក់ឃាត់បានទាំងរថយន្ត និងអ្នកបើកបរ បញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]