ភ្នំពេញ ៖ រថយន្ដកុងតឺន័រ ក្រឡាប់កិនរ៉ឺម៉កពងមាន់អាំងខ្ទេច និងផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យបាក់សំយាបខាងមុខ ស្ទើរតែទាំងស្រុង សំណាងល្អទាំងកូនម្ចាស់ផ្ទះ និងអ្នកលក់ពងមាន់អាំងរត់រួច អ្នកបើកបរបាននិយាយថា ដោយសារស្ថានភាពផ្លូវកោងពេក យកចង្កូត និងជាន់ហ្វ្រាំងមិនទាន់។

បើយោងតាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង២០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រថយន្ដម៉ាក ហ៊ីយ៉ានដាយប្រភេទកុងតឺន័រ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-4551 ក្រឡាប់មក កិនផ្ទះប្រជាពលរដ្ឋឈ្មោះ ស៊ឹម សុភ័ណ្ឌ ប្ដី អាយុ៤៧ឆ្នាំ មានមុខរបររត់ម៉ូតូឌុប និងប្រពន្ធឈ្មោះ ផាត់ សុធា អាយុ៣៦ឆ្នាំ បណ្ដាលឱ្យខូចខាតសំយាបខាងមុខ ទាំងស្រុង និងកិនម៉ូតូអូសធុងពងមាន់អាំងខ្ទេច ទាំងស្រុងម្ចាស់ ឈ្មោះ ញៀន ចាន់ថា ភេទស្រី អាយុ ៤៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្ដព្រៃវែង រងរបួសមួយចំហៀងខ្លួន។ អ្នកបើករថយន្ដកុងតឺន័រខាងលើឈ្មោះ សែម សេម ភេទប្រុស អាយុ ៣២ឆ្នាំ ពុំមានរងរបួសនោះទេ ស្នាក់នៅក្នុងក្រុមហ៊ុន មានស្រុកកំណើតភូមិកោះវៀន សង្កាត់កណ្ដោលដំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បើកបរឱ្យក្រុមហ៊ុន TEECO ។

ប្រភពព័ត៌មានពីលោក ស៊ឹម សុភ័ណ្ឌ ម្ចាស់ផ្ទះរងការខូចខាតបានដឹងថា រថយន្ដកុងតឺន័របើកលឿន ហើយស្របនឹងស្ថានភាពផ្លូវកន្លែងនោះជាផ្លូវកោង អ្នកបើកបរមិនបន្ថយល្បឿន ទើបបណ្ដាលឱ្យក្រឡាប់តែម្ដងទៅ ហើយម្យ៉ាងវិញទៀត អ្នកបើកបរស្រវឹងស្រាផង ផ្ទះរបស់គាត់ត្រូវការខូចខាត សំយាបមុខ ទាំងស្រុកតែម្ដង និងកិនម៉ូតូអូសធុង ពងមាន់អាំងបណ្ដាលឱ្យខូចខាតម៉ូតូវ៉េវមួយគ្រឿង គ្មានស្លាកលេខ និងធុងពងមាន់ខ្ទេចទាំងស្រុង តែម្ដងតែសំណាងល្អ ម្ចាស់លោតរួចគ្រាន់តែរងរបួស ដោយសារលោតទៅបោក ហើយរថយន្ដកុងតឺន័រ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។

គាត់បានបន្ដទៀតថា អ្វីដែលសំណាងក្នុងមួយលានសំណាងនោះ គឺកូនរបស់គាត់ទាំង២នាក់ កំពុងតែលេងនៅខាងមុខផ្ទះនោះ បានរត់រួច កុំអីមិនដឹងជាយ៉ាងណានោះទេ ។

អ្នកបើកបររថយន្ដបាននិយាយថា រថយន្ដគាត់មិនបើកលឿននោះទេ ពីព្រោះទីនោះជាផ្លូវកោង និងសំបូរទៅដោយមនុស្ស ផ្ទះចង្អៀតកកកុញ គាត់បានបន្ថយល្បឿន និងជាន់ហ្វ្រាំង តែដោយសារស្ថានភាពផ្លូវកោងពេកគាត់យកចង្កូតមិនទាន់ ក៏ក្រឡាប់តែម្ដងទៅ ។ គាត់បានបន្ដទៀតថា គាត់ហូបស្រាបន្ដិចបន្ដួចមែន តែដោយសារ មុនពេលចេញរថយន្ដមក ប្រហែលជាម៉ោង៣ល្ងាច សន្ដិសុខបានប្រាប់គាត់ថា គ្មានគេមកកិបសៀទេ ស្អែកទើបមានគេមកកិបសៀឱ្យចេញទៅទាំងអស់គ្នាតែម្ដង គាត់ឮយ៉ាងដូច្នេះ ក៏ហូបបន្ដិចទៅ តែលុះបន្ដិចក្រោយមក ស្រាប់តែមានគេមិនកិបរថយន្ដរបស់គាត់ឱ្យចេញ តែការក្រឡាប់នេះមិនមែនគាត់ស្រវឹងស្រានោះទេ ។

បច្ចុប្បន្នរថយន្ដ ត្រូវស្ទូចយកកាន់ចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ៕

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]