ភ្នំពេញៈ ក្មេងស្ទាវពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ចេញពីមជ្ឈមណ្ឌលកោះពេជ្រ ដោយជ្រែកចុះ ជ្រែកឡើង ពីមុខរថយន្តមួយគ្រឿង ក៏ជ្រុលទៅបុករ៉ឺម៉កកង់បី ដែលកំពុងជិះតាមបណ្តោយផ្លូវសុធារសពេញ ទំហឹងធ្វើឲ្យរ៉ឺម៉កក្រឡាប់ផ្កាប់មុខ និងបុរសជាអ្នកបើករ៉ឺម៉កត្រូវរបួសជើងម្ខាង កាលពីវេលាម៉ោង ៨ និង ៤០នាទី យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ ជិះរ៉ឺម៉កកង់បីដោយមិនមានអ្នករួមដំណើរ ជាមួយឡើយ ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវសុធារស លុះជិះមកដល់ចំណុចផ្លូវកែងបត់ចូលកោះពេជ្រ ស្រាប់តែមានក្មេងស្ទាវពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥  ស៊េរី ២០០៩ ពណ៌ខ្មៅ ចេញពីផ្លូវកោះពេជ្រឆ្ពោះមកផ្លូវសុធារស ដោយពួកគេជិះជ្រែកចុះជ្រែកឡើង ហាក់បី ដូចជាផ្លុវនោះពួកគេទិញដាច់សម្រាប់ជិះម្នាក់ឯងអីចឹង ហើយក៏ជ្រុលទៅបុកម៉ូតូកង់បីចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យក្បាលម៉ូតូបត់ក្រឡាប់ចូលក្រោមរ៉ឺម៉ក ចំណែកអ្នកបើករ៉ឺម៉កវិញត្រូវរងរបួសជើងម្ខាងដើរស្ទើរមិនរួច ហើយក្មេងពីរនាក់ខាងលើនេះ មិនមានអ្នករងរបួសធ្ងន់ធ្ងរឡើយ ប៉ុន្តែធ្វើឲ្យម៉ូតូរបស់ពួកត្រូវរងការខូចខាតផ្នែក ខាងមុខទាំងស្រុង។

ក្រោយពីកើតហេតុគេបានឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្តរាគមន៍ ដើម្បីសម្រួល ចរាចរណ៍ជូនអ្នកដំណើរផ្សេងទៀត និងធ្វើការវាស់វែងអូសយករ៉ឺម៉កកង់បី និងម៉ូតូជនបង្កហេតុទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]