ភ្នំពេញៈ យ៉ាងហោចណាស់ក៏មានបុរសពីរនាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន រួចជ្រុលចង្កូតទៅ បុកគូថរថយន្តកូរ៉េមួយតោនកន្លះ បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ចំណែករថយន្តបើកទៅមុខបាត់ កាលពី វេលាម៉ោង ៧ និង ១០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១២ នៅជិតសាលាពេទ្យ តាមបណ្តោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកកូរ៉េមួយតោនកន្លះពណ៌ខៀវ មិនស្គាល់ស្លាកលេខ បានបើកបរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវ លេខ២៧១ ដោយបើកក្នុងល្បឿនល្មម ខណៈនោះគេក៏បានឃើញបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ឌុបគ្នាល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកគូថរថយន្តពីក្រោយ ពេញទំហឹងពេលដែលរថយន្តចាប់ហ្រ្វាំងនៅកន្លែងឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់សន្លប់ស្តូកស្តឹកមិនដឹងខ្លួនសោះ និងម្នាក់ទៀត បាក់ជង្គង់ខាងស្តាំ និងបែកក្បាលហូរឈាមស្រោចពេញខ្លួន ចំណែកម៉ូតូត្រូវរងការខូចខាតផ្នែក ខាងមុខ ឬឯរថយន្តវិញ បានបើកបន្តដំណើរទៅមុខទៀតដោយមិនខ្វល់នឹងបុរសពីរនាក់ ដែលរងគ្រោះនោះទេ។

ប្រភពដដែលបន្តថា ភ្លាមៗនោះគេបានឃើញសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ចំណុចកើតហេតុ ហើយបានទូរស័ព្ទ ហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទាំងពីរនាក់ទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (រុស្ស៊ី) រីឯ ម៉ូតូរបស់ជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំបងប្អូន របស់ជនរងគ្រោះមកធានាយកទៅវិញ៕

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]