ភ្នំពេញ៖ ស្របពេលដែលកេរ្តិ៍ឈ្មោះ កំពុងតែមានភាពលេចធ្លោរខ្លាំងគួរសម នៅក្នុងផលិតកម្មរស្មីហង្សមាស តារាចម្រៀងស្រី សម្បុរស កញ្ញា សួស វីហ្សា ថ្មីៗនេះ ស្រាប់តែលេចធ្លាយព័ត៌មាន ដ៏រសើបមកថា នាងកំពុងមានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់ ដែលជាថៅកែយានដ្ឋាន នៅក្នុងក្រុងភ្នំពេញ។

បើផ្អែកតាមប្រភពព័ត៌មាន លេចឮចេញពីមជ្ឈដ្ឋានខាងក្រៅ បាននិយាយប្រាប់ LookingTODAY ឱ្យដឹងថា កញ្ញា សួស វីហ្សា ថ្មីៗនេះគេឧស្សាឃើញនាង បង្ហាញពីភាពស្និទ្ធស្នាល ជាមួយបុរសម្នាក់ ដែលគេដឹងថា ជាម្ចាស់ការ៉ាឡាននៅក្នុងក្រុងភ្នំពេញ។ មិនតែប៉ុណ្ណោះ ភាពស្និទ្ធស្នាលរវាងនាង និងបុរសថៅកែលក់ឡានម្នាក់នោះ ក៏ត្រូវបានគេ មើលឃើញថា មានលក្ខណៈខុសប្លែក ពីធម្មតា និងមានស្ថានភាពមិនសូវស្រួល ទៀតផង ។

ប្រភពដដែលនោះ បាននិយាយាថា តារាចម្រៀងស្រី ដែលមានរូបសម្រស់ ស្រស់ស្អាត ស្រដៀងកូនកាត់ចិន កញ្ញា សួស វីហ្សា បានចាប់ផ្តើមមានកំរិត ជីវភាពខុសប្លែក ក្រោយពីលេចល្បីកេរ្តិ៍ឈ្មោះ នៅក្នុងផលិតកម្ម ហង្សមាស ។ មួយវិញទៀត ការដើរលេងកំសាន្តសប្បាយ នៅតាមកន្លែងទំនើបនានា ក៏នាងមានឱកាសច្រើន ក្នុងការបង្ហាញភាពស្និទ្ធស្នាលជាមួយគូ ស្នេហ៍ទៀតផង។ នៅត្រង់ចំណុចនេះហើយ ត្រូវបានគេសង្ស័យថា នាងកំពុងលេងល្បែងស្នេហា លួចលាក់ជាមួយ បុរសដែលជាថៅកែការ៉ាសឡានដ៏សម្បូរទ្រព្យម្នាក់នោះ ។ ជារឿយៗគេឧស្សាឃើញវត្តមាន របស់កញ្ញា សួស វីហ្សា និងបុសម្នាក់នោះ ដឹកដៃគ្នាទៅចូលញ៉ាំអាហារ ក្នុងហាងទំនើបៗនៅជាយក្រុងទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណា គេក៏មិនបានដឹងថា អ្នកទាំងពីរនោះ ចាប់មានទំនាក់ទំនងជាមួយគ្នាតាំងពីពេលណានោះទេ ។

បុរសដែលគេសង្ស័យថា ជាគូស្នេហ៍របស់តារាចម្រៀងស្រីល្បីឈ្មោះគួរសម នៅក្នុងផលិតកម្ម ហង្សមាស កញ្ញា សួស វីហ្សា ខាងលើនេះ ត្រូវបានប្រភពនិយាយថា មានវ័យប្រហែលជាជាង ៣០ឆ្នាំតែប៉ុណ្ណោះ។ តែអ្វីដែលជាការកត់សម្គាល់នោះ គឺថា បុរសម្នាក់នេះ ជាថៅកែយានដ្ឋានមានលុយច្រើនហូហៀរ មិនចាញ់អ្នកដែលរស់នៅឯក្រៅប្រទេសប៉ុន្មានទេ។

ជុំវិញព័ត៌មានលេចឮដ៏រសើបខាងលើនេះ គេហទំព័រ LookingTODAY មិនទាន់អាចទំនាក់ ទំនងដើម្បីសុំការបកស្រាយពី កញ្ញា សួស វីហ្សា បាននៅឡើយទេ នាព្រឹកថ្ងៃច័ន្ទទី១៦ ខែកញ្ញា ឆ្នាំ២០១៣នេះ។ គេហទំព័រ LookingTODAY នឹងស្វែងរកការបំភ្លឺពីកញ្ញា សួស វហ្សា នៅពេលក្រោយ ដើម្បីឱ្យមហាជនបាន ដឹងកាន់តែច្បាស់ការពិត។

កញ្ញា សួស វីហ្សា ជាតារាចម្រៀងសំនៀងស្រទន់ ដែលទទួលបានការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជននិងស្រទាប់យុវវ័យ តាមរយៈបទ "កុំលើកទូរស័ព្ទគេ ពេលនៅក្បែរអូន" របស់ផលិតកម្ម រស្មីហង្សមាស។ សួស វីហ្សា ដំបូងឡើយ នាងគឺជាតារាចម្រៀងក្នុងផលិតកម្មរ៉ុក។ ប៉ុន្តែក្រោយមក ដោយសារតែ ផលិតកម្ម រ៉ុក បានបិទទ្វារ ទើបធ្វើឲ្យនាង រសាត់ខ្លួនមកជ្រកក្រោម ដំបូលផលិតកម្ម ហង្សមាស រហូតដល់សព្វថ្ងៃនេះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា