ព្រះសីហនុៈ បុរសម្នាក់បានរួចផុត ពីគ្រោះថ្នាក់ ដ៏រន្ឋត់មួយ បន្ទាប់ពីបានជួប គ្រោះថ្នាក់ចរាចរណ៍មួយ កាល ពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ ត្រង់ចំណុច មុខសភាពាណិជ្ជកម្ម ខេត្ត ព្រះសីហនុ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ដែលបង្កឡើងដោយ យុវតី កូនស្រីអ្នកលក់ មាស ក្នុងផ្សារលើ ក្រុងព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ច ចរាចរណ៍បានបញ្ជាក់ថា យុវតីដែលបានបើករថយន្ត បុកម៉ូតូបុរសរងគ្រោះ មានឈ្មោះ លី វ៉ាន់ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរជួយលក់មាសឪពុក-ម្តាយ មានទីលំនៅ សង្កាត់លេខ២ ក្រុង-ខេត្ត ព្រះសីហនុ បានបើករថយន្តម៉ាកលុច្សស៊ីស RX 300 ពណ៌ស្ករពាក់ស្លាកលេខព្រះសីហនុ 2A- 5252 ជា កម្មសិទ្ឋរបស់ឪពុកមាឈ្មោះ តាំង ស៊ីវ អតីតមន្ត្រីកងរាជអាវុធ ខេត្តព្រះសីហនុ ទៅបុកជាមួយម៉ួតូ ហុងដា សង់ ផលិតនៅចិន ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AQ- 5314 បើកបរ ដោយឈ្មោះ មឿន ម៉ាប់ ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ រងរបួសស្រាល ។

យោងតាមការសន្និដ្ឋាន ជំហានដំបូងសមត្ថកិច្ច អាចសន្និដ្ឋានថា ហេតុការណ៍នេះ បង្កឡើងដោយភាគី រថយន្ត ខណៈបើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា ។

តាមសាក្សីនៅក្បែរកន្លែងកើតហេតុ បាននិយាយថា ក្នុងទិដ្ឋភាពគ្រោះថ្នាក់នោះ គាត់នៅអង្គុយក្បែរ ឡើង អស់ព្រលឹងទៅហើយ ព្រោះតែរថយន្តម៉ាកលុច្សស៊ីស បើកបរដោយយុវតីវ័យក្មេងម្នាក់ បានបើកទៅបុក ម៉ូតូ១គ្រឿង ពេញទំហឹង និងបានអូសម៉ូតូចម្ងាយ ១៥ម៉ែត្រ ទើបឈប់ ដោយសារតែម៉ូតូកល់នៅខាង ក្រោមរថយន្តទៅមុខលែងរួច ។

ប្រភពដដែលបានបន្តទៀតថា នៅមុនកើតហេតុ គេបានឃើញរថយន្ត១គ្រឿង បើកបរក្នុងល្បឿនដ៏លឿន ប្រៀបបីដូចប្រញ៉ាប់ ឬ មានបញ្ហាអ្វីមួយអីចឹង ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង រថយន្ត បង្កនោះ បានបួងចង្កូតបត់ឆ្វេងខ្លាំងពេក រំលោភចូលផ្លូវម្ខាងទៀត ក៏ជ្រុលទៅបុកជាមួយម៉ូតូ១គ្រឿងជិះ ម្នាក់ឯងបញ្ច្រាសទិសគ្នា បើកចុះពីសួនច្បារមហោស្រពចាស់ បណ្តាលឲ្យបុរសរងគ្រោះ ខ្ទាតចេញទៅម្ខាង ឯម៉ូតូនៅខាងក្រោមរថយន្តខូចខាតយ៉ាងដំណំ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]