ខេត្តប៉ៃលិន ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់សន្លប់នៅនឹងកន្លែង ត្រូវគេដឹកតាមម៉ូតូយក ទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្ត បន្ទាប់ពីប្តីវាយបណ្តាលឱ្យរបួសជាំភ្នែកខាងស្តាំ ជាំភ្លៅខាងឆ្វេង និងជាំពេញខ្លួនប្រាណ ព្រោះតែភ្លើងប្រចណ្ឌ ដោយពេលផឹកស្រវឹងត្រលប់ពីចូលរួម ពិធីមង្គលការនៅចុងភូមិ លុះមកដល់ផ្ទះយកខ្សែក្រវាត់វាយ រួចទម្លាក់ចោលទាញយកដំបងវាយ ប្រពន្ធថែមរហូតដល់សន្លប់បាត់ស្មារតីតែម្តង ហើយបុរសជាប្តីបានជិះម៉ូតូរត់គេច ខ្លួនទៅក្រុងប៉ៃលិន បាត់ស្រមោល ។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ១៥នាទី យប់ថ្ងៃទី១៣ កញ្ញា ២០១៣ ស្ថិតនៅក្នុងផ្ទះលក់គុយទាវមួយកន្លែងក្បែរផ្សារប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ស្រ្តីរងគ្រោះមានឈ្មោះ ជឹម សារ៉េន អាយុ ៣៣ឆ្នាំ ជាអ្នកលក់គុយទាវ លក់បាយ កាហ្វេ នៅក្បែរផ្សារប៉ាងរលឹម មានកូនបីនាក់ (ប្រុស១ ស្រី២) មានស្រុកកំណើតនៅភូមិទួលរកា ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ចំណែកប្តីឈ្មោះ សាត សារ៉ន អាយុ ៣៤ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតរស់នៅភូមិជាមួយប្រពន្ធ ។ បច្ចុប្បន្ន ទាំងពីរនាក់រស់នៅក្បែរផ្សារក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយប្តី និងប្រពន្ធ បានមករស់នៅទីនេះជាង ៣ឆ្នាំ មកហើយ ។

តាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់នាងបានសុំលុយមួយចំនួនចេញពីផ្ទះ ទៅចូលរួមពិធីរៀបអាពាហ៍ពិពាហ៍របស់កូនមិត្តភក្តិ ដែលនៅចុងភូមិតាំងពីក្បាលព្រលប់ លុះពេលហូបការរួច រហូតដល់ម៉ោងប្រហែល ៩ និង ៤៥នាទីយប់ ទើបលោកប្តីតិរិច្ឆានរូបនោះ ត្រឡប់មកផ្ទះវិញ ។

ស្រ្តីរងគ្រោះ បានបន្តទៀតថា ខណៈដែលនាងកំពុងតែដេកលង់លក់ក្នុងផ្ទះ ស្រាប់តែឮសម្លេងគោះទ្វារស្រែកឡូឡាយ៉ាងខ្លាំង ថែមទាំងស្រែកជេរប្រទេចគ្រប់បែបយ៉ាងថា អត់ព្រមបើកទ្វារឱ្យ នាងឯងប្រាកដជាមានប្រុសថ្មី ដេកនៅជាមួយគ្នាហើយ ពេលនាងស្ទុះទៅបើកទ្វារឱ្យប្តីចូលដោយ គ្រាន់តែបើកទ្វាររួចមិនទាន់នឹងចូលផង ស្រាប់តែប្តីតិរិច្ឆានស្រែកបន្តទៀតថា ឯណាអាប្រុសសហាយថ្មីរបស់នាងឯង ។ ពេលនោះ នាងបានស្រែកតបវិញដោយប្រាប់ថា អញអត់មានប្រុសសហាយថ្មីនោះទេ កុំមកប្រចណ្ឌផ្តេសផ្តាស បើផឹកស្រា ស្រវឹងហើយកុំមករករឿងអញអី ។

ស្រាប់តែប្តីនាងហូតខ្សែក្រវាត់ពីចង្កេះវាយទៅ លើក្បាលបណ្តាលឱ្យរបួសដៃខាងស្តាំ រួចវាយបន្តទៀតបណ្តាលឱ្យកន្ទុយខ្សែក្រវាត់ត្រូវចំភ្នែកផ្នែកខាងស្តាំ និងវាយជាច្រើនខ្សែក្រវាត់ត្រូវភ្លៅ និងជាំពេញខ្លួន ។

លោក គង់ សំណាង នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ បានឱ្យដឹងតាមទូរស័ព្ទ កាលពីវេលាម៉ោង ៥ និង ៣០នាទី ល្ងាចថ្ងៃទី១៤ កញ្ញា ២០១៣ នេះថា លោកទើបតែបានទទួលពាក្យបណ្តឹងពីស្រ្តីជនរងគ្រោះ ហើយលោកកំពុងតែឱ្យមន្រ្តីសមត្ថកិច្ចក្រោ ម ឱវាទតាមរកជនបង្កហេតុ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]