ខេត្តប៉ៃលិន ៖ កុមារាម្នាក់បានរងរបួស ដាច់ម្រាមដៃខាងស្តាំអស់ ៤ម្រាម ខណៈរូបគេដើរទៅមើល ឪពុកបើកគម្របម៉ូទ័រភ្លើង ហើយឪពុកចេញផុតបានបន្តិច កុមារារូបនោះ បានលូកដៃចូល បណ្តាលឱ្យស្លាបកង្ហារកាត់ ម្រាមដៃដាច់អស់ចំនួន ៤ម្រាម ភ្លាមៗ ត្រូវឪពុកឃើញកូនស្រែកយំពេលរត់ ទៅមើលឃើញដាច់ម្រាមដៃបាត់ទៅហើយ ទើបប្រញាប់ដឹកតាមម៉ូតូយកទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទី ព្រឹកថ្ងៃទី១៣ កញ្ញា ២០១៣ ស្ថិតនៅចំណុចឡឥដ្ឋ ក្នុងភូមិសំបូរ ហៅភូមិអាចម៍គោ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។ កុមារារងគ្រោះឈ្មោះ យ៉ា វីត អាយុជាង ២ឆ្នាំ របួសដាច់ម្រាមខាងស្តាំអស់ ៤ម្រាម ឪពុកឈ្មោះ តួត យ៉ា អាយុ ៣២ឆ្នាំ ជាកម្មករធ្វើឥដ្ឋ ម្តាយឈ្មោះ អេង សុខា អាយុ ២៣ឆ្នាំ ។

ឪពុកកុមារារងគ្រោះ បានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ កូនប្រុសតូចរបស់គាត់បាន នៅលេងជាមួយកូនអ្នកជិតខាងនៅក្បែររោង ហើយពេលនោះ គាត់ក៏បានដើរទៅអូសម៉ូទ័រភ្លើង ដើម្បីយកមកតភ្លើង រួចក៏បើកគម្របម៉ូទ័រភ្លើងនោះ ហើយដើរចេញទៅក្រៅដោយអត់ដឹងថា កូនគាត់ឈរនៅក្បែរនោះទេ ។ មួយសន្ទុះក្រោយមក ស្រាប់តែឮសម្លេងកូនប្រុសគាត់ស្រែក យំយ៉ាងខ្លាំង លុះពេលងាកទៅមើលឃើញ មានឈាមហូរចេញពីដៃ ហើយស្រែកប្រកាច់នៅក្បែរម៉ូទ័រ ទើបគាត់ដឹងថា ត្រូវស្លាបម៉ូទ័រកាត់ម្រាមដៃកូនគាត់ ក៏ប្រញាប់ស្រែកហៅម្តាយ កុមារារងគ្រោះឱ្យមកមើលភ្លាមៗ និងប្រញាប់លើកកូនដាក់លើម៉ូតូដឹក ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ទោះបីយ៉ាងណា នេះគឺជាមេរៀនមួយសម្រាប់ឪពុកម្តាយ មិនគួរណាធ្វេសប្រហែសដាក់កូនចោល នៅក្បែរម៉ូទ័រម៉ាស៊ីន ដែលកំពុងតែដំណើរការនោះទេ នេះសំណាងហើយដែលក្មេងតូចគ្រាន់ តែដាច់ម្រាមដៃប៉ុណ្ណោះ បើសិនជាប៉ះដំណខ្សែភ្លើងណាមួយនៅក្បែរនោះ អាចនឹងឆក់ស្លាប់ក៏ថាបាន ដូច្នេះ ត្រូវតែប្រុងប្រយ័ត្នជានិច្ច ព្រោះក្មេងតូចស្ថិតនៅក្នុងវ័យរពិសមិន អាចដាក់ចោលឱ្យនៅម្នាក់ឯងបានទេ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]