ភ្នំពេញ ៖ សំណុំរឿងឧកញ៉ា ញ៉ែម កុសល បានបើករថយន្ដបុក៣នាក់ប្ដី-ប្រពន្ធ និងកូនស្រី បណ្ដាលឱ្យរង របួសធ្ងន់ និងពិការរហូតមកដល់ពេលនេះ មិនទាន់ ត្រូវបានដោះស្រាយនៅឡើយទេ ហើយឧកញ៉ារូបនេះ ដែលអាងអំណាច និង លុយកាក់ នៅបន្ដមានសេរីភាពដដែល បើ ទោះបីតុលាការ រាជធានីភ្នំពេញ បាន ចេញដីកាតាមចាប់ខ្លួន ក្រោយពីមានពាក្យ បណ្ដឹងរបស់ជនរងគ្រោះក៏ដោយនោះ ។

គួររំលឹកថា កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅ មានករណី បើករថយន្ដបុកបុរស និងស្ដ្រីពីរនាក់ប្ដី-ប្រពន្ធ រួមទាំងកូនស្រីអាយុ ១៨ឆ្នាំ បណ្ដាលឱ្យរង របួសធ្ងន់ ហើយ ជ្រុលទៅបុករថយន្ដកាមរី បាឡែន ១គ្រឿង របស់ស្ដ្រីម្នាក់ដែលមាន គេហដ្ឋាននៅក្បែរកន្លែងកើតហេតុ ស្ថិត នៅមុខផ្ទះជនរងគ្រោះ លេខ ៧៦ ក្នុងភូមិ គោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលជន បង្កនោះគឺឧកញ៉ា ញ៉ែម កុសល បើករថយន្ដឡង់រ៉ូវ៉ែរ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2W-2323 ។

ក្រោយបង្កហេតុ បណ្ដាលឱ្យលោក នី សាត អាយុ៤៩ ឆ្នាំ រងរបួសធ្ងន់ អ្នកស្រី ទេព នីហ្សា អាយុ ៤១ឆ្នាំជាប្រពន្ធ រងរបួស និងកូនស្រីឈ្មោះ សាត នីតា អាយុ ១៩ឆ្នាំ ដែលជាម្ចាស់ ហាង នីតា សាច់អាំងបាក់ដៃ ហើយរថយន្ដ ១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2W-1376 ដែលជាកម្មសិទ្ធិ របស់ស្ដ្រីឈ្មោះ ហែម ស៊ីថា អាយុ ជាង ៦០ឆ្នាំ ដែលមានគេហដ្ឋាននៅក្បែរ កន្លែងកើតហេតុនោះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់ពីបង្កហេតុ ឧកញ៉ា ញ៉ែម កុសល បានបើករថយន្ដគេចខ្លួនបាត់ ហើយជនរង គ្រោះទាំង ៣នាក់ប្រពន្ធកូន និងស្ដ្រីម្ចាស់ រថយន្ដកាមរីបាឡែន បានដាក់ពាក្យបណ្ដឹង ទៅកាន់សមត្ថកិច្ច និងតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ចាប់ខ្លួនឧកញ៉ារូបនេះ។

លោក នី សាត នៅរសៀលថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៣ នេះ បាននិយាយថា សំណុំរឿងរបស់លោក មិនទាន់ត្រូវបាន ដោះស្រាយនោះទេ ហើយបើទោះបីតុលា ការចេញដីកា តាមចាប់ខ្លួនឧកញ៉ា ញ៉ែម កុសល ក៏ដោយ ប៉ុន្ដែ រូបគេនៅតែមានសេរីភាពដដែល ។

លោក នី សាត ដែលអះអាងថា ខ្លួន ពិការដើរមិនរួច សូមអំពាវនាវឱ្យថ្នាក់ដឹក នាំ ក៏ដូចជាស្ថាប័នតុលាការ ជួយពន្លឿន សំណុំរឿងនេះផង ដែលឧកញ៉ា ញ៉ែម កុសល បានបង្ក ហើយមិនទទួលខុសត្រូវ។

ជាមួយគ្នានេះ លោក នី សាត បានដក ស្រង់ពាក្យសំដី របស់មេធាវីការពារក្ដីឱ្យ ឧកញ៉ា ញ៉ែម កុសល លោក នី គឹមហោ ថា នឹងមិនសងមួយកាក់ មួយសេននោះឡើយ ចង់ប្ដឹងទៅដល់ណា ក៏ប្ដឹងទៅ ។

យោងតាមប្រភពព័ត៌មាន ពីជនរង គ្រោះបានឱ្យដឹងថា នៅវេលាម៉ោងកើត ហេតុខាងលើនោះ ដោយសារតែការជជែក គ្នា រវាងពួកគេ និងឧកញ៉ា ញ៉ែម កុសល ខណៈកំពុងអង្គុយផឹកស៊ី នៅក្បែរផ្ទះរបស់ពួកគេមិនត្រូវគ្នា ស្រាប់តែឧកញ៉ារូបនេះ បើករថយន្ដមកផ្ទះរបស់ពួកគេ ហើយបុកតែម្ដង បណ្ដាលឱ្យរងរបួសធ្ងន់ទាំង៣នាក់ ។

ក្រោយពីដាក់ពាក្យបណ្ដឹង ទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៣ ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ លោក ជា សុខហៀង បានចេញដីកាបង្គាប់ ឱ្យ ចាប់ខ្លួនឧកញ៉ា ញ៉ែម កុសល ប៉ុន្ដែរហូត មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បាន ចាប់ខ្លួននៅឡើយទេ ហើយឧកញ៉ារូបនេះ នៅបន្ដមានសេរីភាពដដែល ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]