ភ្នំពេញ ៖ ស្ត្រីម្នាក់ និងក្រុមគ្រួសារបានដើរស្វែងរកមិត្តភក្តិ ស៊ីដាច់ម៉ូតូរបស់ខ្លួន ស្រាប់តែប្រទះឃើញនៅ មុខផ្ទះកាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៣ ក៏ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន តែម្តងទៅ ខណៈដែល ជនសង្ស័យរូបនេះ កំពុងនៅមុខផ្ទះរបស់ខ្លួន លេខ ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

របាយការណ៍របស់នគរបាលមូលដ្ឋាន ខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅផ្ទះជួល ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ដោយឡែកជនរងគ្រោះ ឈ្មោះ យ៉ង់ លាភី ភេទស្រី អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ក្រុមទី៦ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរលក់ដូរ។
ម៉ូតូរបស់ខ្លួនជនរងគ្រោះ ដែលត្រូវមិត្តភក្តិស៊ីដាច់ ម៉ាកគុប សេ ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ប.៤០០០ភព១ ។

បើយោងតាមសមត្ថកិច្ច កាលពីយប់ថ្ងៃទី០៤ ខែកញ្ញា ជនសង្ស័យបានទៅលេងផ្ទះជនរងគ្រោះជាមិត្តភក្តិ នៅផ្សារទំនប់ ក្នុងសង្កាត់ទួលសង្កែ រួចហើយពឹងឲ្យ ជនរងគ្រោះប្រើអ្នកលក់ដូរជាមួយយកម៉ូតូជូនរូបគេ ទៅផ្ទះ ស្រាប់តែទៅដល់មុខផ្សារដីហុយ ជនសង្ស័យបានទម្លាក់អ្នកជូនមកឈ្មោះ ធី ចោល ហើយយកម៉ូតូ ជិះគេចខ្លួនបាត់ទៅ។

ក្រោយពីដឹងថា ជនសង្ស័យស៊ីដាច់ម៉ូតូជនរងគ្រោះ និងក្រុមគ្រួសារ បានដើរស្វែងរកលុះដល់ម៉ៅង ៧ជាង យប់ថ្ងៃទី១៣ ខែកញ្ញា ក៏ប្រទះឃើញជនសង្ស័យរូបនេះ នៅមុខផ្ទះ ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]