ខេត្តកំពង់ឆ្នាំង ៖ បុរស៤នាក់បានត្រូវសត្វឪម៉ាល់ វាយប្រហារបណ្តាលឱ្យម្នាក់ រងរបួសធ្ងន់ និង៣នាក់របួសស្រាល ខណៈបើកកាណូតសណ្តោងទូកតូចៗ ចំនួន២គ្រឿងពីក្រោយទៅបុកនឹង សម្បុករបស់វានៅក្នុងព្រៃលិចទឹក ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១២ កញ្ញា នៅចំណុចជ្រោយស្លែង ស្ថិតក្នុងភូមិយុគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ពេលពួកគេទាំង៤នាក់ ត្រឡប់ពីដាក់មងវិញ ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះនៅ មណ្ឌលសុខភាពស្រុកបរិបូណ៌និយាយថា មុនពេលកើតហេតុ បុរសទាំង៤នាក់បាននាំគ្នា ទៅដាក់មងនៅក្នុងទឹកទន្លេដែលឡើង លិចព្រៃ ដោយ២នាក់ជិះកាណូត និង២នាក់ទៀតជិះទូកម្នាក់មួយ សណ្តោងពីក្រោយកាណូត ។ ការធ្វើបែបនេះ ព្រោះពេលទៅដល់ព្រៃពួកគេងាយស្រួលនឹងចែកផ្លូវគ្នាអុំទូក ដាក់មងរៀងៗខ្លួន ។ ប្រភពដដែលបានបន្តថា លុះពេលត្រឡប់មកវិញ ក៏ធ្វើបែបនេះដែរ ដោយឱ្យកាណូតមួយគ្រឿងសណ្តោងទូកទាំង២គ្រឿង ប៉ុន្តែពេលត្រឡប់មកវិញ មេឃងងឹតខ្លាំងរកកល់ចង់ភ្លៀង អ្នកបើកកាណូតខាងមុខដែលប្រញាប់ឱ្យបានឆាប់ដល់ផ្ទះ ក៏បើកកាណូតផ្លូវកាត់ ដោយបើកកាត់ព្រៃលិចទឹក ស្រាប់តែមកដល់ចំណុចខាងលើ ក៏បុកចំសម្បុកសត្វឪម៉ាល់បណ្តាលឱ្យទិចគ្រប់គ្នា ។ ភ្លាមនោះ ទាំងអ្នកបើកកាណូត និងអ្នកជិះទូកខាងក្រោយបានហក់ចុះទឹក ក្នុងនោះឈ្មោះ ចាន់ ថន អាយុ២១ឆ្នាំ ដែលជិះទូកហក់ចុះទឹកមិនទាន់ក៏ត្រូវសត្វឪម៉ាល់ទិចច្រើនជាង គេរងរបួសធ្ងន់ ។

ប្រភពព័ត៌មានបានបន្តថា ពេលហក់ចុះទឹកនោះពួកគេបានសម្ងំហែលអែបទូកដោយបណ្តែតតាមខ្យល់ រសាត់ឆ្ងាយបន្តិចម្តងៗ រហូតផុតសត្វឪម៉ាល់តាម ទើបនាំគ្នាឡើងលើទូក ហើយជួយស្រង់អ្នករបួសធ្ងន់ដាក់លើកាណូតយកមកផ្ទះ រួចប្រញាប់ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ ប៉ុន្តែដោយសារសភាពធ្ងន់ធ្ងរ ក៏នាំមកសង្គ្រោះបន្តនៅមណ្ឌលសុខភាពស្រុកបរិបូណ៌ ។ ប្រភពដដែលបានបន្តថា ជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះ ចាន់ ថន អាយុ២១ឆ្នាំ អ្នករបួសស្រាលមានឈ្មោះ ហួន ស៊ីវឡុង អាយុ២៨ឆ្នាំ ឈ្មោះ និមល អាយុ២៣ឆ្នាំ និងឈ្មោះ ម៉ាប់ ម៉ត អាយុ១៧ឆ្នាំ ទាំងអស់គ្នាមានទីលំនៅក្នុងភូមិយុគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

គួររំឭកថា នៅខេត្តកំពង់ឆ្នាំងក្នុងអំឡុងពាក់កណ្តាលខែសីហា និងដើមខែកញ្ញានេះ មានមនុស្ស២នាក់បានស្លាប់ដោយសត្វឪម៉ាល់ទិច ក្នុងនោះនៅស្រុកកំពង់ត្រឡាចម្នាក់ និងស្រុកបរិបូណ៌ម្នាក់ ចំណែកជនរងគ្រោះខាងលើគឺជាជនទី៣ ប៉ុន្តែពុំទាន់ដឹងថាយ៉ាងណានោះទេ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]